(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាល់ជាថ្មីឡើងវិញថាលោកមិនមានបំណងបញ្ជូនកងទ័ពអាមេរិក ទៅកាន់អ៊ុយក្រែន នោះទេ ខណៈកោតសរសើរភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោក ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ចូ បៃដិន ធ្វើការកត់សម្គាល់បែបនេះនៅឯពិធីបញ្ចប់ការសិក្សារបស់និស្សិតនាយទាហាននៃសាលា West Point កាលពីថ្ងៃសៅរ៍ ទី២៥ ខែឧសភា និងជាការឆ្លើយតបដោយប្រយោលទៅកាន់ការចោទប្រកាន់ពីគូប្រជែងរបស់លោកមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ ដែលថារូបលោកមានភាពទន់ខ្សោយ។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «មិនមានឡើយកងទ័ពអាមេរិកក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ខ្ញុំបាន ប្ដេជ្ញាចិត្តរក្សាគោលជំហរនេះ ប៉ុន្តែយើងនឹងឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន ហើយយើងនឹងបន្តឈរជាមួយពួកគេ»។

គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានជឿថាអង្គការ NATO នឹងបែកបាក់ នៅបន្ទាប់ពីលោកឈ្លានពាន អ៊ុយក្រែនដែលជាប្រទេសក្បែរខាងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែ លោក បៃដិនថាបច្ចុប្បន្នបក្សសម្ព័ន្ធយោធាមួយនេះកាន់តែមានភាពរឹងមាំ ជាងពេលណាៗទាំងអស់៕