(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះបានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាបាន និងកំពុងបង្កើនការធ្វើ សកម្មភាពស៊ើបការណ៍ នៅជុំវិញតំបន់ព្រំដែនអន្តរកូរ៉េ ភ្ជាប់ជាមួយការព្រមានថានឹងធ្វើសកម្មភាពតបត ប្រសិនបើអធិបតេយ្យ និងសន្តិសុខជាតិ ត្រូវបានរំលោភ បំពាន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តាមរយៈការស្រង់សម្ដីពីអនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kim Gang Il បានឱ្យដឹងទៀតថាសហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះស៊ើបការណ៍យុទ្ធសាស្ត្រ RC-135 និង U-2S យ៉ាងហោច១៦គ្រឿង រួមទាំងដ្រូន RQ-4B ផងដែរ ដើម្បីស៊ើបការណ៍លើតំបន់ឧបទ្វីបកូរ៉េ ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែឧសភា។

លោក Kim Gang Il ក៏បានចោទប្រកាន់ផងដែរថាកងទ័ពជើងទឹក និងឆ្មាំសមុទ្រកូរ៉េខាងត្បូង កំពុងបង្កើនភាពតានតឹងយោធាតាមរយៈ ការបង្កើនសកម្មភាពល្បាត និងបំពានលើព្រំដែនសមុទ្រ។ បន្ថែមពីលើនេះ លោកបានរិះគន់ទៀតផងចំពោះខិតបណ្ណដែលត្រូវបានបញ្ជូនតាមបាឡុង ចូលក្នុងទឹកដីកូរ៉េខាងជើង ពីសំណាក់ ក្រុមសកម្មជននៅកូរ៉េខាងត្បូង ដោយចាត់ទុកថានេះជាទង្វើបង្ករឿងប្រកបដោយគ្រោះថ្នាក់៕