(ដាក្កា)៖ ខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់បានវាយលុកតំបន់ឆ្នេរនៃប្រទេសបង់ក្លាដែស ឥណ្ឌា ដោយសារតែឥទ្ធិពលព្យុះស៊ីក្លូន Remal កាលពីល្ងាចថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) បណ្តាលឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ក្រោយបង្គោលភ្លើងជាច្រើនដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០២៤។

នាយកដ្ឋាន ឧតុនិយម ឥណ្ឌា (IMD) បានឱ្យដឹងថា ព្យុះនេះបានឆ្លងកាត់តំបន់ឆ្នេរនៃកំពង់ផែ Mongla ប្រទេសបង់ក្លាដែស និងកោះ Sagar ដែលនៅជាប់គ្នាក្នុងរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា ជាមួយនិងល្បឿនខ្យល់រហូតដល់ ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ការិយាល័យឧតុនិយមក្រុង Kolkata នៃរដ្ឋ West Bengal បញ្ជាក់ថា ភ្លៀងធ្លាក់នៅម៉ោងប្រហែល ៩យប់ថ្ងៃអាទិត្យ ហើយបានបន្តរយៈពេលប្រហែល ៥ម៉ោង។ ប៉ូលិសនិយាយថា មានមនុស្សម្នាក់ស្លាប់ក្នុងទីក្រុង Kolkata ដោយសារតែត្រូវបេតុងធ្លាក់ចំអំឡុងខ្យល់ព្យុះ ហើយបានបំផ្លាញតៀមប្រក់ស្បូវ នៅតាមមាត់សមុទ្រនៃប្រទេសទាំងពីរ។

បង់ក្លាដែស បានជម្លៀសមនុស្សប្រហែល ៨០០,០០០នាក់ពីតំបន់កំពង់ផែ Mongla និង Chittagong ក៏ដូចជាពីតំបន់ឆ្នេរចំនួន ៩ទៀតទៅកាន់ទីជម្រកសុវត្ថិភាព ខណៈដែលមនុស្សចំនួន ១១០,០០០នាក់ក៏ត្រូវបានបញ្ជូន ទៅកាន់ទីជម្រកនៅក្នុងប្រទេសឥណ្ឌាផងដែរ។ ទីក្រុងដាក្កា បានសង់ទីជម្រកជិត ៨,០០០និងដាក់ពង្រាយអ្នកស្ម័គ្រចិត្តចំនួន ៧៨,០០០ នាក់មុនពេលមានព្យុះ ខណៈដែលកងទ័ពជើងទឹកឥណ្ឌា កំពុងចាំបញ្ជាដោយមានកប៉ាល់ យន្តហោះ ក្រុមអ្នកមុជទឹក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត សម្រាប់ការដាក់ពង្រាយក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា បង់ក្លាដែស និងឥណ្ឌា បានជួបប្រទះព្យុះខ្លាំងក្លាជាញឹកញាប់ក្នុងប៉ុន្មានឆ្នាំមកនេះ ដោយសារការប្រែប្រួលអាកាសធាតុ ហើយ Remal គឺជាព្យុះស៉ីក្លូនដំបូងគេនៅក្នុងឆ្នាំនេះ៕