(សាណា)៖ ក្រុមហ៊ូទីរបស់យេម៉ែន បានដោះលែងអ្នកជាប់ឃុំជាង ១០០នាក់ក្នុងរដ្ឋធានីសាណា ហើយហៅចំណាត់ការនេះថាជា «គំនិតផ្តួចផ្តើមមនុស្សធម៌ឯកតោភាគី» ដើម្បីលើកលែងទោស និងបញ្ជូនពួកគេទៅឱ្យក្រុមគ្រួសារ វិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០២៤។

ប្រធានគណៈកម្មាធិការកិច្ចការអ្នកទោសគ្រប់គ្រងដោយក្រុមហ៊ូទី លោក Abdul Qader Al-Murtada បានបញ្ជាក់ថា «ភាគច្រើននៃអ្នកដែលត្រូវបានដោះលែង គឺជាករណីមនុស្សធម៌ រួមមានអ្នកជំងឺ អ្នករបួស និងមនុស្សចាស់»។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ក៏បានទទួលស្គាល់ថា ពិតជាការដោះលែងអ្នកជាប់ឃុំចំនួន ១១៣នាក់ ហើយថាខ្លួនបានជួយដល់ការធានាការដោះលែងពួកគេ ប្រកបដោយលក្ខណៈមនុស្សធម៌ និងសេចក្តីថ្លៃថ្នូរ។

រដ្ឋាភិបាលយេម៉ែនទទួលស្គាល់ដោយអន្តរជាតិ បាននិយាយថា អ្នកជាប់ឃុំទាំងនោះមិនមែនជាទាហាន ប៉ុន្តែជាជនស៉ីវិល ដែលក្រុមហ៊ូទីចាប់ពង្រត់ចេញពីផ្ទះ វិហារឥស្លាម និងកន្លែងធ្វើការ។ លោក Majed Fadail អនុរដ្ឋមន្រ្តីកិច្ចការសិទ្ធិមនុស្សក្នុងរដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិ បានបង្ហោះសារលើបណ្តាញសង្គម X ថា «ការដោះលែងជនរងគ្រោះ ក្រោមហេតុផលណាមួយមិនបានធ្វើឱ្យក្រុមហ៊ូទី រួចខ្លួនពីការប្រព្រឹត្តឧក្រិដ្ឋកម្មនោះទេ»

គួរបញ្ជាក់ថា យេម៉ែន បានជាប់គាំងក្នុងជម្លោះចាប់តាំងពីក្រុមហ៊ូទី បណ្តេញរដ្ឋាភិបាលចេញពីរដ្ឋធានីសាណា នៅចុងឆ្នាំ ២០១៤។ នៅឆ្នាំ ២០១៥ សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានចូលធ្វើអន្តរាគមន៍ ក្នុងគោលបំណងស្តាររដ្ឋាភិបាលឡើងវិញ។ រីឯ គម្រោងផែនទីបង្ហាញផ្លូវរបស់អង្គការសហប្រជាជាតិ សម្រាប់សន្តិភាពរបស់យេម៉ែន ត្រូវបានព្រមព្រៀងគ្នាកាលពីខែធ្នូ ឆ្នាំ ២០២៣ហើយ ប៉ុន្តែវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាពត្រូវជាប់គាំង នៅពេលក្រុមហ៊ូទី បង្កើនការវាយប្រហារលើនាវានៅក្នុង និងជុំវិញសមុទ្រក្រហម ដោយនិយាយថា ពួកគេកំពុងធ្វើសកម្មភាពដើម្បីបង្ហាញសាមគ្គីភាព ជាមួយប៉ាឡេស្ទីនក្នុងសង្គ្រាមហ្កាហ្សា៕