(តូក្យូ)៖ ឆ្មាំសមុទ្រជប៉ុននៅថ្ងៃចន្ទនេះ បានឱ្យដឹងថា កូរ៉េខាងជើងបានជូនដំណឹងប្រាប់ទីក្រុងតូក្យូថា ខ្លួនគ្រោងបាញ់បង្ហោះរ៉ុក្កែត ផ្ទុកផ្កាយរណប ១គ្រឿង ឆ្ពោះទៅកាន់សមុទ្រលឿង និងភាគខាងកើតកោះ Luzon នៅចន្លោះថ្ងៃទី២៧ ខែឧសភា និងថ្ងៃទី៤ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤។

ភ្លាមៗបន្ទាប់ពីនោះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បាននិយាយដែរថា កូរ៉េខាងជើងបានចេញសេចក្តីជូនដំណឹង ស្តីអំពីការត្រៀមបាញ់បង្ហោះ ផ្កាយរណបឈ្លបការណ៍យោធា ១គ្រឿង។ ការជូនដំណឹងនេះកើតមានឡើង ស្របពេលកូរ៉េខាងត្បូង ជប៉ុន និងចិន បើកកិច្ចប្រជុំកំពូលត្រីភាគី​ឡើងវិញជាលើកដំបូង ក្រោយខកខានអស់រយៈពេលជិត៥ឆ្នាំ។

ក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា ឆ្លើយតបចំពោះ ការជូនដំណឹងខាងលើ ក្រុមមន្រ្តីអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានសន្ទនាគ្នាតាមទូរស័ព្ទ ហើយមានទស្សនៈដូចគ្នាថា ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង ដោយប្រើប្រាស់បច្ចេកវិទ្យាមីស៉ីលបាលិស្ទីគ គឺនឹងបំពានសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ។ មិនតែប៉ុណ្ណោះ ក្រុមមន្រ្តីនៃប្រទេសទាំង៣ បានឯកភាពគ្នាទាមទារឱ្យកូរ៉េខាងជើង លុបចោលផែនការបាញ់បង្ហោះ ផ្កាយរណបនេះវិញ។

គួរបញ្ជាក់ថា ប្រសិនបើជោគជ័យ វានឹងជាផ្កាយរណបចារកម្មគ្រឿងទី២ហើយ របស់ទីក្រុងព្យុងយ៉ាង​ ដែលត្រូវបានដាក់ទៅក្នុងទីអវកាស។ កូរ៉េខាងជើង បានបាញ់បង្ហោះ ផ្កាយរណបចារកម្មយោធាដំបូងបំផុតរបស់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយទទួលបរាជ័យ២លើក ក្នុងឆ្នាំដដែលនោះ៕