(ហ្កាហ្សា)៖ មន្រ្តីសុខាភិបាលប៉ាឡេស្ទីន និងសេវាសង្រ្គោះបន្ទាន់ស៉ីវិល បាននិយាយថា ប្រជាជនប៉ាឡេស្ទីនចំនួន ៣៥នាក់ស្លាប់ និងរបួសជាច្រើន ដោយសារតែវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ទៅលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០២៤។

យោធាអ៉ីស្រាអែលនិយាយថា កងទ័ពអាកាសរបស់ខ្លួន បានវាយប្រហារលើទីតាំងរបស់ក្រុមហាម៉ាសនៅ Rafah ហើយការវាយប្រហារនោះ ធ្វើឡើងដោយគ្រាប់ដែលអាចកំណត់គោលដៅជាក់ច្បាស់នោះ និងផ្អែកលើការស៉ើបការណ៍ច្បាស់លាស់។ វាបានសម្លាប់ប្រធានសេនាធិការរបស់ហាម៉ាសប្រចាំតំបន់ West Bank និងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ដែលនៅពីក្រោយការវាយប្រហារ លើជនជាតិអ៉ីស្រាអែល។

អ្នកនាំពាក្យក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស​ លោក Ashraf Al-Qidra និយាយថា មនុស្សចំនួន ៣៥នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត ដែលភាគច្រើនជាស្ត្រី និងកុមារដែលរងរបួសនៅក្នុងការវាយប្រហារនេះ។ ការវាយប្រហារកើតឡើងលើជំរំ Tel Al-Sultan ដែលនៅជាប់ភាគខាងលិចទីក្រុង Rafah ជាទីជម្រករបស់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់ពាន់។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជិត ៣៦,០០០នាក់ត្រូវបានសម្លាប់ ក្រោមប្រតិបត្តិការយោធា របស់អ៉ីស្រាអែល ដើម្បីសងសឹកនឹងការវាយឆ្មក់របស់ក្រុមហាម៉ាសលើទឹកដីអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣៕