(តៃប៉ិ)៖ នាថ្ងៃចន្ទនេះ សមាជិកជាន់ខ្ពស់មួយរូបនៃសភាសហរដ្ឋអាមេរិក បានធានាអះអាងយ៉ាងរឹងមាំ អំពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់តៃវ៉ាន់ ដើម្បីប្រឆាំងទប់ទល់ការដាក់សម្ពាធរបស់ចិន ក្នុងឱកាសនៃការបំពេញទស្សនកិច្ចលើកដំបូង ដោយក្រុមសមាជិកសភាអាមេរិក គិតចាប់តាំងពីដែនកោះនេះ បានស្បថចូលកាន់តំណែងមេដឹកនាំថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤។

អំឡុងពេលអង្គុយជួបពិភាក្សាកាលពីព្រឹកថ្ងៃចន្ទនេះ ជាមួយមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te សមាជិកសភាតំណាងរាស្រ្តអាមេរិក លោក Michael McCaul ដែលមានតួនាទីជា ប្រធានគណៈកម្មាធិការកិច្ចការបរទេសដ៏មានឥទ្ធិពល បានលើកឡើងថា រូបលោក និងសមាជិកសភាអាមេរិកដទៃទៀត ប្រកាន់ជំហរគាំទ្រយ៉ាងរឹងមាំចំពោះតៃវ៉ាន់ ហើយលោកបានគូសបញ្ជាក់ថា សព្វាវុធដែលតៃវ៉ាន់ បានបញ្ជាទិញ នឹងមកដល់ក្នុងពេលឆាប់ៗ។

កោះតៃវ៉ាន់ត្រូវចិនចាត់ទុកត្រឹមជា ខេត្តមួយប៉ុណ្ណោះរបស់ខ្លួន។ រយៈពេល៣ថ្ងៃ ក្រោយលោក Lai ស្បថចូលកាន់តំណែង កាលពីដើមសប្តាហ៍កន្លងទៅ ចិនបានចល័តយន្តហោះនិងនាវាយោធា នៅជុំវិញតៃវ៉ាន់ ក្នុងការធ្វើសមយុទ្ធចំនួន២ថ្ងៃ ដែលទីក្រុងប៉េកាំង អះអាងថា មានគោលដៅបម្រើជា ការធ្វើតេស្តមួយ លើសមត្ថភាពដើម្បីដណ្តើមយកដែនកោះនេះ។ ចិនមិនដែលបោះបង់ចោលឡើយ នូវជម្រើសប្រើប្រាស់កម្លាំងយោធា ប្រសិនបើចាំបាច់ ដើម្បីបង្រួបបង្រួមគ្នាវិញ ជាមួយតៃវ៉ាន់ នាថ្ងៃណាមួយ។ លោក McCaul បាននិយាយថា ការធ្វើសមយុទ្ធយោធារបស់ចិន គឺជាសកម្មភាពសម្លុតគំរាម និងចោទថា ការធ្វើបែបនេះ បង្ហាញឱ្យឃើញថា ចិនមិនចាប់អាម្មរណ៍ ចង់បង្រួបបង្រួមជាមួយតៃវ៉ាន់ ដោយសន្តិវិធីនោះទេ។

គួរបញ្ជាក់ថា លោក McCaul បានមកដល់ទីក្រុងតៃប៉ិ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ហើយត្រូវបានអមដំណើរដោយ​សមាជិកសភាមួយចំនួនទៀត ដែលមកពីបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ។ លោក Lai បានអរគុណប្រតិភូសភាអាមេរិក សម្រាប់ការគាំទ្ររបស់ពួកគេ ហើយបង្ហាញក្តីសង្ឃឹមថា សភាទាំង២របស់អាមេរិក នឹងបន្តជួយតៃវ៉ាន់ ក្នុងការពង្រឹងសមត្ថភាពការពារជាតិ​របស់ខ្លួន។ សហរដ្ឋអាមេរិក បានផ្លាស់ប្តូរការទូតស្គាល់ផ្នែកការទូតពីតៃវ៉ាន់ ទៅចិនវិញ កាលពីឆ្នាំ១៩៧៩ ប៉ុន្តែមកទល់បច្ចុប្បន្ន ទីក្រុងវ៉ាស៉ីនតោន បានបន្តដើរតួនាទី ជាសម្ព័ន្ធមិត្តព្រមទាំងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុត របស់តៃវ៉ាន់៕