(ប៉េកាំង)៖ ប្រទេសចិនមានសុភាសិតមួយពោលថា “ព្យួរក្បាលពពែតែលក់សាច់ឆ្កែ” អាចយកឃ្លានេះទៅពិពណ៌នាពីសុន្ទរកថា នៅថ្ងៃទី២០ខែឧសភារបស់លោក William Lai អ្នកដឹកនាំនៃតំបន់តៃវ៉ាន់គឺវាសមស្របណាស់។ លោកនិយាយអំពីអ្វីដែលហៅថា “ប្រជាធិបតេយ្យ” ដែលប៉ុនប៉ងពាក់អាវក្រៅបោកបញ្ឆោតឱ្យគំនិតផ្តួចផ្តើម “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ក៏ដូចជាយក “ប្រជាធិបតេយ្យ”ធ្វើជាលេស ដើម្បីបំពេញតម្រូវការប្រឆាំងនឹងចិន របស់អ្នកនយោបាយសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចផងដែរ ។ ប៉ុន្តែមិនថាលោក William Lai តែងលម្អយ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំងធាតុពិតនៃ “ប្រជាធិបតេយ្យក្លែងក្លាយ និងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដ៏ពិតប្រាកដ” នោះទេ ហើយក៏មិនអាចកែប្រែការពិតជាក់ស្តែង ដែលតំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ប្រទេសចិនបានឡើយ។

លោក William Lai ជាដើមអះអាងអំពី “ប្រជាធិបតេយ្យ” តែតាមពិតទៅគឺ ពួកគេកំពុងប្រព្រឹត្តិទង្វើគ្រប់បែបយ៉ាង ដែលប្រឆាំងនឹងប្រជាធិបតេយ្យ។ ក្នុងរយៈពេល៨ឆ្នាំកន្លងទៅនេះ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ បានវាយប្រហារទៅលើ បក្សដែលមានទស្សនៈខុសគ្នាជាមួយខ្លួន ជម្រះបញ្ជីគូប្រជែងខាងនយោបាយ បិទប្រព័ន្ធសារព័ត៌មាន ដែលកាន់ទស្សនៈខុសគ្នាជាមួយខ្លួន និងជាន់ឈ្លីលើគោលការណ៍ប្រជាធិបតេយ្យ ដែលបំផ្លាញប្រជាធិបតេយ្យតំបន់តៃវ៉ាន់យ៉ាងខ្លាំង ដូច្នេះ មជ្ឈដ្ឋាននានានៃតំបន់តៃវ៉ាន់ មានការយល់ដឹងជាទូទៅ ចំពោះបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលបណ្តាលឱ្យ “ប្រជាធិបតេយ្យតំបន់តៃវ៉ាន់ដើរថយក្រោយ” ស្រាប់ហើយ។

ចំពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើផ្ទៃអន្តរជាតិកើតមានចរន្តបញ្ច្រាសមួយ។ សហរដ្ឋអាមេរិកបានបើកធ្វើអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” ដើម្បីបង្កការបដិបក្ខគ្នាជាក្រុមនិងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ចង់ប្រើឱកាសនេះ ប៉ុនប៉ងរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីចូលក្នុងអ្វីដែលហៅថា “ក្រុមប្រជាធិបតេយ្យ” ដោយយល់ឃើញថា ធ្វើបែបនេះក៏អាចនាំឱ្យតំបន់តៃវ៉ាន់ប្រែទៅជា “តំបន់តៃវ៉ាន់នៃពិភពលោក” ដើម្បីទទួលការគាំទ្រពីខាងក្រៅ។ នេះពិតជាគំនិតរវើរវាយផ្ដេសផ្ដាសសុទ្ធសាធ។

តាមការពិត សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចដែលយក “ប្រជាធិបតេយ្យ”ធ្វើជាលេស មិនអាចតំណាងឱ្យសហគមន៍អន្តរជាតិទេ ហើយក៏មិនអាចកែប្រែសណ្ដាប់ធ្នាប់អន្តរជាតិនិងក្បួនច្បាប់អន្តរជាតិដែរ។ ពួកគេផ្តល់ការគាំទ្រដល់អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ក៏គ្រាន់តែនិយាយបានតែមាត់តែមិនបានផ្តល់ផលប្រយោជន៍ជាក់ស្តែងទេ ដែលមិនអាចបំផ្លាញសណ្ដាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរទាល់តែសោះ។

ដូចនេះ លោក William Lai បានប្រកាសក្នុងសុន្ទរកថានៅថ្ងៃទី២០ខែឧសភាថា ត្រើយទាំងសងខាង “មិនចំណុះគ្នា ទៅវិញទៅមកទេ” និងផ្សព្វផ្សាយ “ពាក្យសម្តីអំពីប្រទេសពីរ” ថ្មី ដែលបានរងការរិះគន់យ៉ាងខ្លាំង ពីមតិទាំងចិនដីគោកនិងតំបន់តៃវ៉ាន់ ។ មិនថាលោក William Lai ប្រើប្រាស់ពាក្យពេចន៍យ៉ាងណាទៅតែងលម្អគំនិតផ្តួចផ្តើម “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ក៏ដោយ ក៏មិនអាចមួលបង្កាច់ការពិតជាក់ស្តែងបានឡើយ ហើយក៏មិនអាចកែប្រែស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនង រវាងត្រើយទាំងសងខាងបានដែរ។

ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភា យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានរៀបចំកងកម្លាំងនៃកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតជាដើមធ្វើសមយុទ្ធចម្រុះឈ្មោះ "Union Sword-២០២៤A" នៅជុំវិញកោះតៃវ៉ាន់របស់ចិន។ សកម្មភាពលើកនេះ មិនត្រឹមតែជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងចំពោះទង្វើនៃ “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”និងការព្រមានដ៏ធ្ងន់ធ្ងរចំពោះ ការបង្ករឿងហេតុនៃកម្លាំងខាងក្រៅប៉ុណ្ណោះទេ ថែមទាំងក៏ជាទង្វើដ៏ត្រឹមត្រូវនិងចាំបាច់ សម្រាប់ការបង្ហាញពីការប្តេជ្ញាចិត្ត និងសមត្ថភាពក្នុងការគាំពារអធិបតេយ្យភាព និងបូរណភាពដែនដីជាតិផងដែរ។

តំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ចិន មិនមែនជាអ្វីដែលហៅថា “តៃវ៉ាន់នៃពិភពលោក”នោះទេ។ មនុស្សដែលចង់បំបែកបំបាក់ប្រទេសជាតិ និងលក់ផលប្រយោជន៍ជនជាតិទាំងនោះ សុទ្ធតែគ្មានលទ្ធផលល្អទេ ហើយកលល្បិច “ប្រជាធិបតេយ្យក្លែយក្លាយ កម្លាំងអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដ៏ពិតប្រាកដ”របស់ពួកគេ ក៏មិនអាចបន្លំភ្នែកសហគមន៍អន្តរជាតិបានដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន