(វ៉ាស៊ីនតោន)៖ នៅក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្ដី Time ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានលើកឡើងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu អាចនឹងអូសបន្លាយសង្គ្រាមនៅតំបន់ហ្គាហ្សា សម្រាប់ហេតុផលនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងបទសម្ភាសន៍ដដែល លោក Biden ក៏បានគូសបញ្ជាក់ពី «ការខ្វែងគំនិតគ្នាដ៏ធំ» ជាមួយលោក Netanyahu ជុំវិញអនាគតនៃតំបន់ហ្គាហ្សាបន្ទាប់ពីជម្លោះផងដែរ ដោយបានរិះគន់អាកប្បកិរិយារបស់អ៊ីស្រាអែលក្នុងអំឡុងពេលសង្រ្គាម ហើយបានហៅវាថា «មិនសមរម្យ»។ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កើតរដ្ឋប៉ាឡេស្ទីន ហើយមានការសង្ស័យពីសមត្ថភាពរបស់កងកម្លាំងអ៊ីស្រាអែល ក្នុងការកាន់កាប់តំបន់ហ្គាហ្សាឡើងវិញ។

ទន្ទឹមគ្នានេះ លោក​បាន​ដាក់​ជំហរ​ខ្លួន​ឯង​ថា មាន​សមត្ថភាព​ជាង​គូប្រជែង​បោះឆ្នោត​របស់​លោក គឺលោកDonald Trump ក្នុង​ការ​ធានា​ភាព​ជា​អ្នកដឹកនាំ​ពិភពលោក​របស់​សហរដ្ឋ​អាមេរិក ​លើ​បញ្ហា​ដូចជា​អ៊ុយក្រែន តៃវ៉ាន់ និង​តំបន់ហ្គាហ្សាជាដើម។ លោក Biden បាននិយាយថា គោលនយោបាយការបរទេសរបស់លោក ជាពិសេសទាក់ទងនឹងការការពារអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី កាន់តែមានប្រសិទ្ធភាព ដោយលើកឡើងពីវិបត្តិសំខាន់ៗដែលកងទ័ពរុស្ស៊ីកំពុងប្រឈម។

លោក Biden បានរិះគន់គោលនយោបាយរបស់លោក Trump ចំពោះទំនាក់ទំនងអន្តរជាតិ ដោយចោទប្រកាន់ថា មានសម្ព័ន្ធមិត្តជាមួយមេដឹកនាំផ្តាច់ការ។ លោកបានអះអាងជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ ចំពេលមានភាពតានតឹងជាមួយប្រទេសចិន ដោយបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការរក្សាស្ថានភាពដដែល ដោយមិនស្វែងរកឯករាជ្យភាពជូនតៃវ៉ាន់ឡើយ៕