(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី២១ លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីនបានថ្លែងសុន្ទរកថា ដោយបានអះអាងថា «អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ » និងអ្វីដែលហៅថា “ការធ្វើមជ្ឈិត្តកម្មសមុទ្រចិនខាងត្បូង” សុទ្ធតែទទួលស្គាល់សិទ្ធិស្របច្បាប់របស់ហ្វីលីពីន ។ លោកក៏បានស្រែកដាក់ ប្រទេសចិនដ៏រឹងចចេសទៀតថា ហ្វីលីពីននឹងមិនបន្ធូរបន្ថយគោលជំហរ ក្នុងបញ្ហាបូរណភាពទឹកដីឡើយ។

ទាក់ទិននឹងរឿងនេះ តំណាងនៃប្រទេសចិនបានថ្លែងយ៉ាងជាក់លាក់ថា ប្រទេសចិនបានរក្សាភាពអត់ធ្មត់ដ៏គ្រប់គ្រាន់ ចំពោះទង្វើរំលោភសិទ្ធិនិងបង្ករឿងហេតុ ប៉ុន្តែក៏ត្រូវមានដែនកំណត់ដែរ សង្ឃឹមថាប្រទេសមួយចំនួនតូចត្រូវមើលឱ្យបានច្បាស់ នូវផលប្រយោជន៍និងផលវិបាក និងត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវនៃកិច្ចសន្ទនានិងពិគ្រោះពិភាក្សាវិញ។

សូមបញ្ជាក់ថា ហ្វីលីពីនជាប្រទេសប្រជុំកោះ ក្នុងប្រវត្តិសាស្ត្រ ហ្វីលីពីនធ្លាប់ស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញនិងអាមេរិកជាបន្តបន្ទាប់ ។ ក្របខណ្ឌនៃទឹកដីរបស់ហ្វីលីពីនត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិមួយចំនួន ដូចជា «សន្ធិសញ្ញាសន្តិភាពរវាងអាមេរិក និងអេស្ប៉ាញ»កាលពីឆ្នាំ១៨៩៨ «សន្ធិសញ្ញាស្តីពីការកាត់ដែនកោះនៅជុំវិញហ្វីលីពីន រវាងអាមេរិកនិងអេស្ប៉ាញ» កាលពីឆ្នាំ១៩០០ «សន្ធិសញ្ញាស្តីពីការកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រជុំកោះ Negeri Sabahដែលស្ថិតនៅក្រោមឱវាទអង់គ្លេស និងហ្វីលីពីនដែលស្ថិតនៅក្រោមឱវាទអាមេរិក »កាលពីឆ្នាំ១៩៣០ ជាដើម។

ប្រជុំកោះ Nansha និងកោះ Huangyan របស់ប្រទេសចិនមិនស្ថិតក្នុងក្របខណ្ឌទឹកដី របស់ហ្វីលីពីនដែលបានកំណត់ ក្នុងសន្ធិសញ្ញាដូចពោលខាងលើទេ។ ចំពោះបញ្ហាកំណត់ខ្សែបន្ទាត់ព្រំដែនលើសមុទ្រ អនុលោមតាម «អនុសញ្ញាច្បាប់មហាសមុទ្រ នៃអង្គការសហប្រជាជតិ» តាំងពីឆ្នាំ២០០៦មកម្ល៉េះ ប្រទេសចិនក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ច្រានចោលយន្តការប្រើប្រាស់អនុសញ្ញានេះ ក្នុងការដោះស្រាយវិវាទ។ ទង្វើរបស់ហ្វីលីពីនបានល្មើសនឹងកិច្ចព្រមព្រៀង រវាងចិននិងហ្វីលីពីនស្តីពីការដោះស្រាយវិវាទ តាមរយៈកិច្ចចរចាទ្វេភាគី បានក្បត់នឹងពាក្យសន្យារបស់ខ្លួនដែលបានចែងក្នុង «សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» ក៏ដូចជាបានល្មើសនឹងការកំណត់មានលក្ខណៈរឹតត្បិត អំពីរបៀបវារៈមជ្ឈិត្តកម្មក្នុង «អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជតិ» ។ អ្វីដែលហៅថា "ការធ្វើមជ្ឈិត្តកម្មសមុទ្រចិនខាងត្បូង ”គឺខុសច្បាប់តាំងពីដើមដល់ចប់ វាមិនស្មើនឹងច្បាប់អន្តរជាតិនោះឡើយ។

អ្វីដែលត្រូវលើកឡើងនោះ គឺតាំងពីចិននិងហ្វីលីពីនបង្កើតទំនាក់ទំនងការទូត នៅទសវត្សរ៍ឆ្នាំ៧០ នៃសតវត្សរ៍មុនមក ឥទ្ធិពលរបស់បញ្ហាសមុទ្រចិនខាងត្បូងចំពោះទំនាក់ទំនងទ្វេភាគី គឺត្រូវបានគ្រប់គ្រងក្នុងកម្រិតជាក់លាក់មួយ។ ប៉ុន្តែ បន្ទាប់ពីរដ្ឋាភិបាលលោក Marcos ឡើងកាន់អំណាច នាវារបស់ហ្វីលីពីនតែងតែបំពានចូលដែនសមុទ្រ ដែលនៅជាប់ថ្មប៉ប្រះទឹក Ren'ai និងកោះ Huangyan បណ្តាលឱ្យទំនាក់ទំនងរវាងចិននិងហ្វីលីពីន បានធ្លាក់ចុះឥតឈប់ឈរ។ ទង្វើបង្ករឿងចំពោះចិនរបស់ហ្វីលីពីន ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ប្រហែលជាមិនមែនបម្រើដល់ផលប្រយោជន៍ របស់ប្រទេសហ្វីលីពីននោះទេ តែគឺបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងវង្សត្រកូល។

ក្នុងអំឡុងពេលកិច្ចប្រជុំសន្ទនាសាំងគ្រីឡា អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា ប្រឈមមុខនឹងបញ្ហាអំពីការអនុវត្ត «សន្ធិសញ្ញារួមគ្នាការពាររវាងអាមេរិកនិងហ្វីលីពីន» ដែលលើកឡើងដោយហ្វីលីពីន លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក មិនបានឆ្លើយតបយ៉ាងច្បាស់លាស់ បែរជាគូសបញ្ជាក់ថា អាមេរិកនឹងបង្កើនកិច្ចសន្ទនាជាមួយប្រទេសចិន ដើម្បីធានាជាក់លាក់ មិនឱ្យសភាពការណ៍បែបនេះកើតឡើង។ ប្រការនេះត្រូវមតិសាធារណៈសម្គាល់ឃើញជាទូទៅថា អាមេរិកបានបញ្ចេញមតិ ដោយប្រយោលថា មិនគួរធ្វើការប៉ះទង្គិចដោយផ្ទាល់ ជាមួយចិនដើម្បីហ្វីលីពីនទេ។ ហ្វីលីពីនគិតថា ខ្លួនមានការគាំទ្រពីអាមេរិក ក៏អាចធ្វើតាមទំនើងចិត្តបាន នេះគឺជាគំនិតស្រមើស្រមៃទាំងស្រុង។

នៅពីក្រោយដែលប្រធានាធិបតីហ្វីលីពីន ស្រែកដាក់ប្រទេសចិនដ៏រឹងចចេស គ្រាន់តែជាការកំញើញឥតបានការតែប៉ុណ្ណោះ ។ ហ្វីលីពីនចង់សម្រាចបាន នូវគោលបំណងរបស់ខ្លួនតាមរយៈការប្រឌិតរៀបរាប់ដ៏ក្លែងក្លាយ ប៉ុន្តែទង្វើនេះមិនអាចបោតបញ្ឆោត សហគមន៍អន្តរជាតិទេ វាគ្រាន់តែបញ្ជាក់ទៀតថា ហ្វីលីពីនជាឧបករណ៍របស់អនុត្តរភាពអាមេរិក និងជាអ្នកបំផ្លាញសន្តិភាពក្នុងតំបន់ ហើយនឹងរុញច្រានខ្លួនឯងឱ្យធ្លាក់ទៅក្នុង សភាពកាន់តែគ្រោះថ្នាក់និងឯកោទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន