(បេរូត)៖ នៅថ្ងៃពុធនេះ ក្រុម Hezbollah នៃប្រទេសលីបង់ បានបាញ់ស្រោចរ៉ុក្កែតជាច្រើនគ្រាប់ទៅលើអ៉ីស្រាអែល ដើម្បីជាការសងសឹក បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែល បានផ្តាច់ជីវិតមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន ខណៈប្រការនេះ កំពុងធ្វើឱ្យភាពតានតឹង កាន់តែ​កើនឡើងមួយកម្រិតទៀត នៅព្រំប្រទល់លីបង់-អ៉ីស្រាអែល ចំពោះមុខសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅឯតំបន់ Gaza។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤។

ក្រុម Hezbollah ដែលគាំទ្រដោយអ៉ីរ៉ង់ បានវាយប្រហារដាក់គ្នាទៅវិញទៅមក ជាមួយអ៉ីស្រាអែល ចាប់តាំងតែពីសង្រ្គាម Gaza បានផ្ទុះឡើង កាលពីខែតុលា ឆ្នាំ២០២៣ ហើយការប៉ះទង្គិចគ្នានោះ បូករួមជាមួយសង្រ្គាមនៅ Gaza បានបង្កើនក្តីបារម្ភថា វាអាចនឹងឆេះរាលដាលក្លាយជា ជម្លោះដ៏ធំសម្បើមមួយតែម្តង នៅមជ្ឈិមបូព៌ា។

ការវាយប្រហាររបស់អ៉ីស្រាអែល ទៅលើភូមិមួយនៅភាគខាងត្បូងលីបង់ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ បានសម្លាប់សមាជិក៣នាក់របស់ ក្រុម Hezbollah ព្រមទាំងមេបញ្ជាការជាន់ខ្ពស់ លោក Taleb Abdallah ឬត្រូវគេស្គាល់ថា Abu Taleb។ លោកជាមេបញ្ជាការជាន់ខ្ពស់​បំផុតរបស់ Hezbollah ដែលត្រូវបានសម្លាប់ អំឡុងអរិភាពរយៈពេល៨ខែមកនេះ ជាមួយអ៉ីស្រាអែល។

យោងតាមប្រភពផ្នែកសន្តិសុខនៅលីបង់ ក្រុម Hezbollah បានបាញ់រ៉ុក្កែតលើសពី១០០គ្រាប់ សងសឹកលើអ៉ីស្រាអែល។ សំឡេងស៉ីរ៉ែនប្រកាសអាសន្ន ត្រូវបានបន្លឺឡើងនៅភាគខាងជើងអ៉ីស្រាអែល ជាទីដែលយោធាអ៉ីស្រាអែល អះអាងថា ក្រុម Hezbollah បានបាញ់រ៉ុក្កែតប្រហែល៥០គ្រាប់ ពីភាគខាងត្បូងលីបង់ ចូលមកកាន់តំបន់ Golan Heights ដែលត្រួតត្រាដោយអ៉ីស្រាអែល។ នៅក្នុង​សេចក្តីប្រកាសបន្ទាប់មួយទៀត អ៉ីស្រាអែលបានឱ្យដឹងថា រ៉ុក្កែតប្រមាណ៩០គ្រាប់ ត្រូវបានប្រទះឃើញ ហោះឆ្លងមកពីប្រទេសលីបង់ ហើយជាច្រើនគ្រាប់ត្រូវបានបាញ់ស្កាត់ ខណៈប៉ុន្មានគ្រាប់ផ្សេងទៀត បានធ្លាក់នៅទីតាំងមួយចំនួន នៃភាគខាងជើងអ៉ីស្រាអែល រួចបង្កជា​គ្រោះអគ្គិភ័យ។ វាមិនច្បាស់នោះទេថា តើសេចក្តីថ្លែងការណ៍របស់អ៉ីស្រាអែល សំដៅទៅលើការវាយប្រហាររ៉ុក្កែត ២ដាច់ដោយឡែកគ្នា ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា អំឡុងអរិភាពចុងក្រោយបង្អស់នេះ ការវាយប្រហាររបស់អ៉ីស្រាអែល បានផ្តាច់ជីវិតអ្នកប្រយុទ្ធរបស់ Hezbollah ប្រហែលជាង៣០០នាក់ ក្នុងនោះរួមមានទាំងមេបញ្ជាការសំខាន់ៗ ខណៈជនស៉ីវិលប្រមាណ៨០នាក់ ក៏បានស្លាប់ផងដែរ។ រីឯបើតាមអ៉ីស្រាអែលវិញ ការវាយប្រហារពីលីបង់ បានបណ្តាលឱ្យទាហានអ៉ីស្រាអែល១៨នាក់ រួមជាមួយជនស៉ីវិល១០នាក់ ស្លាប់៕