(គូវ៉ែត)៖ ភ្លើងដ៏សន្ធោសន្ធៅបានឆេះអគារមួយ ដែលជាលំនៅឋានរបស់កម្មករបរទេសក្នុងប្រទេសគូវ៉ែត កាលពីថ្ងៃពុធ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៤៩នាក់។ អគ្គិភ័យនេះត្រូវបានសង្ស័យថា បណ្តាលមកពីការមិនគោរពតាមបទបញ្ញត្តិសំណង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

ក្រោយពីបានទៅពិនិត្យមើលកន្លែងកើតហេតុ ឧបនាយករដ្ឋមន្រ្តីគូវ៉ែត លោក Sheikh Fahad Yusuf បានលើកឡើងថា ភាពលោភលន់របស់ម្ចាស់អចលនទ្រព្យ គឺជាមូលហេតុនាំទៅរកគ្រោះមហន្តរាយបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់អំពីបទល្មើសជាក់លាក់ ឬព័ត៌មានលម្អិតណាមួយទាក់ទងនឹងអគារនោះនៅឡើយទេ។

ពលករដែលមានប្រាក់ឈ្នួលទាប ជាពិសេសកម្មករសំណង់នៅតំបន់ឈូងសមុទ្រ ជារឿយៗរស់នៅក្នុងលំនៅឋានដែលមានមនុស្សច្រើនកុះករ។ អាជ្ញាធរក្នុងស្រុកមិនបានបង្ហាញថា ពលករទាំងនោះធ្វើការក្នុងវិស័យអ្វីនោះទេ ប៉ុន្តែដូចបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រដទៃទៀតដែរ គូវ៉ែតពឹងផ្អែកយ៉ាងខ្លាំងទៅលើកម្លាំងពលកម្មបរទេស ក្នុងឧស្សាហកម្មសំខាន់ៗដូចជាសំណង់ជាដើម។

ពលករសញ្ជាតិអេហ្ស៊ីបម្នាក់ដែលបានរួចជីវិត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ភ្លើងបានឆាបឆេះចេញពីជាន់ខាងក្រោម ហើយអ្នកដែលនៅជាន់ខាងលើមិនអាចរត់គេចខ្លួនបាន។ គាត់បានបន្ថែមថា អគារទាំងមូលពោពេញទៅដោយផ្សែងខ្មៅក្រាស់។

អាជ្ញាធរបានបញ្ជាឲ្យមានការស៊ើបអង្កេតភ្លាមៗអំពីមូលហេតុនៃអគ្គិភ័យ និងបាននិយាយថា មន្ត្រីណាដែលត្រូវបានរកឃើញថាមានកំហុសនឹងត្រូវទទួលខុសត្រូវ។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤៩នាក់ ហើយកំពុងស៊ើបអង្កេត និងស្វែងរកជនរងគ្រោះនៅកន្លែងកើតហេតុ ព្រមទាំងព្យាយាមកំណត់អត្តសញ្ញាណអ្នកស្លាប់ផងដែរ៕