(ញូវដែលី)៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សចំនួន ៦នាក់បាត់បង់ជីវិត ក្នុងសប្តាហ៍នេះ ហើយភ្ញៀវទេសចរប្រហែល ២,០០០នាក់ត្រូវជាប់គាំង ដោយសារតែការអិលបាក់ដី និងទឹកជំនន់ក្នុងរដ្ឋ Sikkim តំបន់ហិម៉ាឡ័យ ប្រទេសឥណ្ឌា បន្ទាប់ពីមានភ្លៀងធ្លាក់ឥតស្រាកស្រាន្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០២៤។

មន្រ្តីក្នុងតំបន់ភាគភាគឦសានមួយនេះ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបង្កជាបំណាក់ដី នៅតាមទីតាំងមួយចំនួននៃស្រុក Mangan ដែលគ្រប់ដណ្តប់លើភាគខាងជើងរដ្ឋ Sikkim។ Sikkim ជារដ្ឋពុទ្ធសាសនាតូចមួយរបស់ឥណ្ឌា មានប្រជាជនរស់នៅ ៦៥០,០០០នាក់ ជាប់នឹងប្រទេសប៊ូតង់ ចិន នេប៉ាល់ ហើយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ប៉ុន្តែក៏ប្រឈមមុខនឹង គ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយព្រឹត្តិការណ៍អាកាសធាតុ ក្នុងតំបន់ជួរភ្នំហិម៉ាឡ័យ។

បើតាមអភិបាលស្រុក Mangan ភ្លៀងបន្តធ្លាក់រយៈពេល ៣៦ម៉ោងមកហើយ។ ផ្លូវឆ្ពោះទៅកាន់ភាគខាងជើងរដ្ឋ Sikkim ត្រូវខូចខាតច្រើនផ្នែក និងសម្រាប់តភ្ជាប់ទៅកាន់ស្រុក Mangan។ ភ្ញៀវទេសចរ ដែលត្រូវជាប់គាំងក្នុងតំបន់គឺមានសុវត្ថិភាពទាំងអស់ ប៉ុន្តែយើងមិនអាចជួយជម្លៀសពួកគាត់បានទេ ពីព្រោះតែទំហំនៃការខូចខាតផ្លូវ។ ភ្ញៀវទេសចរបរទេស មានទាំងអស់ ១១សញ្ជាតិ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន មនុស្សយ៉ាងហោចណាស់ ១៧៩នាក់បានស្លាប់នៅក្នុងរដ្ឋនេះ នៅពេលបឹងទឹកកកមួយ នៅតំបន់ហិម៉ាល័យ បានបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ៕