(ប៉េកាំង)​៖ ថ្ងៃទី១៣ ខែមិថុនា សំដៅចំពោះករណីដែលគណៈកម្មាធិការសហភាពអឺរ៉ុបប្រកាសថា ខ្លួនគ្រោងនឹងយកពន្ធគយប្រឆាំងនឹង ឧបត្ថម្ភកធនជាបណ្តោះអាសន្នខ្ពស់បំផុតរហូតដល់៣៨.១ភាគរយ លើរថយន្តដើរដោយថាមពលអគ្គិសនី ដែលនាំចូលពីប្រទេសចិន សហគ្រាសផលិតរថយន្តអឺរ៉ុបដែលមានក្រុមហ៊ុន Volkswagen Mercedes-Benz និងក្រុមហ៊ុន BMWរបស់ប្រទេសអាល្លឺម៉ង់ជាដើម សុទ្ធតែបានសម្តែងមតិប្រឆាំងភ្លាមៗ ពួកគេយល់ឃើញថា ការដំឡើងពន្ធគយបន្ថែមទៀតនឹងរារាំងដល់ ការអភិវឌ្ឍរបស់សហគ្រាសផលិតរថយន្តអឺរ៉ុប ហើយក៏នឹងបំផ្លាញផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អឺរ៉ុបផងដែរ។

ការប្រឆាំងរួមគ្នារបស់សហគ្រាសផលិតរថយន្តអឺរ៉ុបលើកនេះ គឺបានបង្ហាញយ៉ាងពេញលេញថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះ មិនមែនដើម្បីផលប្រយោជន៍របស់ពួកគេទាល់តែសោះ ផ្ទុយទៅវិញ គឺកំពុងលេងឧបាយកលនយោបាយ។ ទង្វើនេះបានរំលោភលើ គោលការណ៍សេដ្ឋកិច្ចទីផ្សារ និងក្បួនច្បាប់ពាណិជ្ជកម្មអន្តរជាតិ បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសផលិតរថយន្តនិងសហគ្រាសខ្សែសង្វាក់ផ្គត់ផ្គង់ រថយន្តរបស់ចិននិងអឺរ៉ុប ដែលអាចនិយាយបានថា បំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផង និងខ្លួនឯងផង។

ហេតុអ្វីបានជាភាគីអឺរ៉ុបមិនអើពើនឹងសំឡេងប្រឆាំង ហើយទទូចគាបសង្កត់លើរថយន្តដើរដោយថាមពលអគ្គិសនីរបស់ចិន តាមរយៈមានការដំឡើងពន្ធគយ? នៅពីក្រោយនេះ មិនត្រឹមតែមានការប្រកួតប្រជែងខាងផលប្រយោជន៍ដ៏ស្មុគស្មាញ នៅផ្ទៃក្នុងអឺរ៉ុបតែប៉ុណ្ណោះទេ ថែមទាំងក៏មានទំនាក់ទំនងជាមួយចិត្តគំនិតបីប្រភេទ របស់មនុស្សមួយចំនួននៅអឺរ៉ុបផងដែរ។

ទីមួយ ចិត្តគំនិតដែលចង់គាបសង្កត់លើការអភិវឌ្ឍរបស់ប្រទេសចិន។ នៅអឺរ៉ុប ការផ្តួចផ្តើមឱ្យធ្វើកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប គឺជាសំឡេងសំខាន់ៗ ប៉ុន្តែក៏មានកម្លាំងប្រឆាំងប្រទេសចិនផងដែរ។ មនុស្សទាំងនេះ មិនចង់ឃើញការអភិវឌ្ឍរបស់ប្រទេសចិន ហើយរិះរកមធ្យោបាយដើម្បីរារាំងការធ្វើឱ្យស៊ីជម្រៅ នូវការកសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងការត្រួសត្រាយ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងអឺរ៉ុប។

ទីពីរ ចិត្តគំនិតដែលភ័យខ្លាចការប្រកួតប្រជែងដោយយុត្តិធម៌។ អឺរ៉ុបមានឧត្តមភាពយ៉ាងច្បាស់លាស់ក្នុងវិស័យរថយន្ត ដើរដោយប្រេងសាំងអស់រយៈពេលយូរ ប៉ុន្តែស្របពេលដែលឧស្សាហកម្មរថយន្តដើរដោយថាមពលថ្មី របស់ប្រទេសចិនទទួលការអភិវឌ្ឍ យ៉ាងឆាប់រហ័ស មនុស្សមួយចំនួននៅអឺរ៉ុបមានការភ័យខ្លាចថា ប្រទេសចិននឹងវ៉ាហួសខ្លួនឯង។

ទីបី ចិត្តគំនិតដែលធ្វើតាមអាមេរិក។ អឺរ៉ុបធ្លាប់ជាអ្នករងគ្រោះពីទង្វើគាំពារនិយម ផ្នែកពាណិជ្ជកម្មរបស់អាមេរិក ប៉ុន្តែលើកនេះ វាបានក្លាយជាអ្នកបំផុសជម្លោះពាណិជ្ជកម្ម មូលហេតុសំខាន់នៅពីក្រោយ គឺសម្ពាធមកពីអាមេរិក។ ប៉ុន្តែភាគីអឺរ៉ុបត្រូវរក្សាចិត្តឱ្យស្ងប់ ហើយគីតថា តើវាគួរឬមិនគួរក្នុងការធ្វើតាមអាមេរិក ទៅគាបសង្កត់លើចិនដោយលះបង់ចោល កិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប?

ជាការពិត ចិននិងអឺរ៉ុបមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ នៅក្នុងវិស័យឧស្សាហកម្មរថយន្តថាមពលថ្មី។ ការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការដ៏វិជ្ជមាន នៃរថយន្តដើរដោយថាមពលអគ្គិសនី រវាងចិននិងអឺរ៉ុប វាមានអំណោយផលដល់ការលើកកម្ពស់ កម្លាំងប្រកួតប្រជែងនៃឧស្សាហកម្មអ៊ឺរ៉ុប ហើយក៏សមស្របទៅនឹងចក្ខុវិស័យរបស់អឺរ៉ុប ក្នុងការស្វែងរកការធ្វើបរិវត្តកម្មថាមពល និងការអភិវឌ្ឍដោយកាត់បន្ថយកាបូនផងដែរ។

បទពិសោធន៍ប្រវត្តិសាស្ត្រ បានបញ្ជាក់ម្តងហើយម្តងទៀតថា ពន្ធគយមិនអាចនាំមកនូវកម្លាំងប្រកួតប្រជែងទេ ហើយក៏គ្មានអ្នកណា អាចឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មនោះដែរ ភាគីអឺរ៉ុបគួរតែស្តាប់ដោយយកចិត្តទុកដាក់ចំពោះសំឡេង ប្រកបដោយសត្យានុម័ត និងវិចារណញ្ញាណ របស់គ្រប់មជ្ឈដ្ឋាន ប្រញាប់កែតម្រូវទង្វើខុសឆ្គងភ្លាមៗ បញ្ឈប់ការធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្លាយទៅជាបញ្ហានយោបាយ និងដោះស្រាយជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យបានសមស្រប តាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សា។ ប្រសិនបើភាគីអ៊ឺរ៉ុប ធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ភាគីចិននឹងចាត់វិធានការចាំបាច់ យ៉ាងមុតមាំ ដើម្បីការពារក្បួនច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក និងគោលការណ៍ទីផ្សារ ក៏ដូចជាគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន