(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសរុស្ស៉ី នៅថ្ងៃសុក្រនេះបាននិយាយចំអក លើកិច្ចព្រមព្រៀងសន្តិសុខអាមេរិក-អ៊ុយក្រែន ដែលត្រូវបានប្រកាស អំឡុងកិច្ចប្រជុំកំពូល G7 ថា គឺគ្រាន់តែជាក្រដាសគ្មានន័យប៉ុន្មានសន្លឹកប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៤​ ខែមិថុនា ឆ្នាំ២០២៤។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បាននិយាយថា កិច្ចព្រមព្រៀង​រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន គឺគ្មានន័យនិងគ្មានកម្លាំងផ្លូវច្បាប់អ្វីឡើយ។ លោកស្រីបានបន្តទៀតថា ការចុះកិច្ចព្រមព្រៀងនោះ មានគោលដៅជាចម្បង បង្ហាញឱ្យប្រជាជន ដែលបន្តស្ថិតក្នុងប្រទេសអ៊ុយក្រែនយល់ថា សហគមន៍អន្តរជាតិ ហាក់បន្តឈរនៅជាមួយ​ពួកគេ ខណៈការពិតជាក់ស្តែង ពួកគេកំពុងតែព្យាយាមដោះខ្លួន ពីការទទួលខុសត្រូវផ្លូវច្បាប់ទាំងឡាយ សម្រាប់អនាគតរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយសហរដ្ឋអាមេរិក ព្រមទាំងជាមួយជប៉ុន ផងដែរ ខណៈពួកវា គឺជាកិច្ចព្រមព្រៀងស្រដៀងគ្នា ដែលទីក្រុងកៀវធ្លាប់បានចុះហត្ថលេខា ជាមួយសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន នាពេលកន្លងមក រួមមានចក្រភពអង់គ្លេស និងបារាំង ជាដើម។ ខ្លឹមសារក្នុងកិច្ចព្រមព្រៀងនោះ រួមមានការសន្យាបន្តផ្តល់ការគាំទ្រផ្នែក​យោធា និងហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន ក្នុងរយៈពេលវែង ប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចព្រមព្រៀងដែលមានសុពលភាព១០ឆ្នាំ ជាមួយទីក្រុងវ៉ាស៉ីនតោន គឺជាស្ពានមួយឆ្ពោះទៅរក សមាជិកភាពក្នុងអង្គការ NATO សម្រាប់ប្រទេសរបស់លោក៕