(Cape Town អាហ្រ្វិកខាងត្បូង)៖ គណបក្សសមាជជាតិអាហ្រ្វិក (ANC) និងគូប្រជែងដ៏ធំបំផុតរបស់ខ្លួន គឺគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (Democratic Alliance) កាលពីថ្ងៃសុក្រ ទី១៤ ខែមិថុនា (ម៉ោងក្នុងតំបន់) បានយល់ព្រមធ្វើការជាមួយគ្នា នៅក្នុងរដ្ឋាភិបាលរួបរួមជាតិថ្មីរបស់អាហ្រ្វិកខាងត្បូង ដែលនេះជាការផ្លាស់ប្ដូរមួយ ក្រោយការដឹកនាំប្រទេសដោយ ANC អស់រយៈពេលជាង ៣០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈការឯកភាពគ្នាខាងលើ អ្វីដែលគេនឹកស្មានមិនដល់ នោះគឺកិច្ចព្រមព្រៀងនោះបានអនុញ្ញាតឱ្យលោកប្រធានាធិបតី Cyril Ramaphosa អាចបន្តកាន់តំណែងសម្រាប់អាណត្តិទី២ របស់លោក។ លោក Ramaphosa ត្រូវបានបោះឆ្នោតជ្រើសតាំងឱ្យបន្តកាន់តំណែងជាប្រធានាធិបតីអាហ្រិ្វកខាងត្បូង ជាមួយសំឡេងគាំទ្រពីសមាជិកសភា ២៨៣រូប។

នៅក្នុងសុន្ទរកថាមួយទៅកាន់សភាជាតិ លោក Ramaphosa បានគូសបញ្ជាក់ដូច្នេះថា «គណបក្សមួយចំនួនដែលប្រឆាំងគ្នាទៅវិញទៅមក...បានសម្រេចចិត្តធ្វើការរួមគ្នាដើម្បីសម្រេច បាននូវសមិទ្ធផលដែលនាំទៅរកការចាប់កំណើតថ្មី និងការបើកសករាជថ្មីសម្រាប់ប្រទេសជាតិរបស់យើង»

គួរបញ្ជាក់ថា គណបក្ស ANC បានបាត់បង់សំឡេងគាំទ្រភាគច្រើនជាលើកដំបូង ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅនេះ ហើយបានចំណាយពេលជាង ២សប្ដាហ៍ ដើម្បីពិភាក្សាជាមួយគណបក្សដទៃ ក្នុងការបង្កើតរដ្ឋាភិបាល៕