(វ៉ាស៊ីនតោន)៖ យោធាអាមេរិក កាលពីថ្ងៃសុក្រ ទី១៤ ខែមិថុនា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានឱ្យដឹងថាខ្លួនបានកម្ទេចដ្រូនសមុទ្រ ២គ្រឿងរបស់ ក្រុមហ៊ូទីយេម៉ែន ក្នុងសមុទ្រក្រហម ព្រមទាំងដ្រូនមួយគ្រឿង និងរ៉ាដា ៧គ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម ទីបញ្ជាការកណ្ដាលយោធាអាមេរិក ឬហៅកាត់ថា CENTCOM បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ កងកម្លាំងបានកម្ទេចដ្រូនមួយគ្រឿងដោយជោគជ័យ នៅលើតំបន់សមុទ្រក្រហម»។ CENTCOM បានបន្ថែមថា កងកម្លាំងអាមេរិក ក៏បានកម្ទេចដ្រូនសមុទ្រ ២គ្រឿង បូកបន្ថែមទាំងរ៉ាដា ៧គ្រឿងរបស់ក្រុមហ៊ូទីផងដែរ នៅក្នុងតំបន់មួយគ្រប់គ្រងដោយក្រុមឧទ្ទាមមួយនេះ ក្នុងប្រទេស យេម៉ែន។

តាម CENTCOM ប្រព័ន្ធរ៉ាដាទាំងនោះបានអនុញ្ញាតឱ្យក្រុមហ៊ូទី ដឹកនាំការវាយប្រហារលើកប៉ាល់ដឹកទំនិញ និងបំផ្លាញការធ្វើពាណិជ្ជកម្មតាមសមុទ្រ។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូទី ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំក្នុងប្រទេសយេម៉ែន បានដឹកនាំការវាយប្រហារលើកប៉ាល់ដឹកទំនិញ ក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ។ ក្រុមហ៊ូទីបានអះអាងថាការវាយប្រហាររបស់ខ្លួន គឺដើម្បីបង្ហាញ សាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ជាទីដែលអ៉ីស្រាអែលកំពុងធ្វើសង្រ្គាមប្រឆំាងក្រុមហាម៉ាស៕