(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានធ្វើដំណើរទៅដល់ប្រទេសអូស្រា្តលីហើយ ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ ភ្ជាប់ជាមួយពាក្យសន្យា ពង្រីកពាណិជ្ជកម្ម ទោះជាប្រទេសទាំង២ កំពុងប្រជែងដណ្ដើមឥទ្ធិពលគ្នាក្នុងតំបន់ប៉ាស៊ីហ្វិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Li Qiang ដែលជាថ្នាក់ដឹកនាំមានឥទ្ធិពលធំទី២ នៅក្នុងប្រទេសចិន បន្ទាប់ពីលោកប្រធានាធិបតី ស៊ី ជីនពីង បានទៅដល់ទីក្រុង Adelaide នៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា នេះ។ លោកនាយករដ្ឋមន្ត្រីបានគ្រវីដៃស្វាគមន៍ចេញពីទ្វាររបស់យន្ដហោះ និងត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ព្រមទាំងមន្ត្រី រដ្ឋាភិបាលជាច្រើនរូប និងក្រុមអ្នកសារព័ត៌មាន។

គួរបញ្ជាក់ថា មុនទៅដល់អូស្ត្រាលី លោក Li Qiang ក៏បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសនូវែលសេឡង់ផងដែរ ដែលធ្វើឱ្យលោកក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតមួយរបស់ចិនដែល ធ្វើទស្សនកិច្ចក្នុងប្រទេសទាំង២ ចាប់តាំងពី២០១៧មក។ តាមកាលវិភាគ លោក Li នឹងត្រូវធ្វើដំណើរកម្សាន្តមួយទៅកាន់ចម្ការដំាទំពាំបាយជូរសម្រាប់ផលិតស្រាមួយកន្លែង ស្ថិតនៅក្នុងរដ្ឋ South Australian។ បន្ទាប់មកបន្តដំណើរទៅសួនសត្វខ្លាឃ្មុំ Panda ក្នុងទីក្រុង Adelaide ចូលរួមក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese មុននឹងចូលរួមពិធីលៀងសាយភោជនថ្នាក់រដ្ឋមួយក្នុងទីក្រុង Canberra ហើយក្រោយមកទៀត ទើបបន្តដំណើរទៅកាន់តំបន់រ៉ែលីចូមមួយ ក្នុងរដ្ឋ Western Australia៕