(ស្តុកខុល)៖ កងកម្លាំងប្រដាប់អាវុធនៃប្រទេសស៊ុយអែត បាននិយាយនៅថ្ងៃសៅរ៍នេះថា យន្តហោះចម្បាំងរបស់ខ្លួនបានហោះស្ទាក់យន្តហោះយោធារុស្ស៉ី ក្រោយហោះរំលោភចូលដែនអាកាសស៊ុយអែតមួយរយៈពេលខ្លី កាលពីថ្ងៃសុក្រសប្តាហ៍នេះ លើកោះ Gotland ភាគខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍ កងកម្លាំងប្រដាប់អាវុធស៊ុយអែត បានលើកឡើងថា យន្តហោះចម្បាំង Gripen ត្រូវបានបញ្ជូនឱ្យទៅស្ទាក់ចាប់យន្តហោះចម្បាំង SU-24 របស់រុស្ស៉ី បន្ទាប់ពីយន្តហោះនោះមិនអើពើចំពោះការព្រមានតាមរលកធាតុអាកាស ពីសំណាក់ក្រុមត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសយោធាស៊ុយអែត។ រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billstrom ចាត់ទុកសកម្មភាពនោះថា «មិនអាចទទួលយកបានឡើយ» ហើយថា មន្ត្រីមកពីស្ថានទូតរុស្ស៉ីនៅទីក្រុង Stockholm ត្រូវបានកោះហៅមកកាន់ក្រសួងការបរទេស ជុំវិញឧប្បត្តិហេតុនេះ។

គួរបញ្ជាក់ថា ស្ថានទូតរុស្ស៉ីប្រចាំនៅស៊ុយអែត នៅមិនឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ឧប្បត្តិហេតុនេះ បានកើតឡើងចំពេលដែលស៊ុយអែតទើបនឹងក្លាយជាសមាជិកថ្មីរបស់អង្គកាណាតូ ហើយបានចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹក នៅសមុទ្របាល់ទិក៕