(LUCERNE, ស្វីស)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រកាសនូវកញ្ចប់ជំនួយជាទឹកប្រាក់ជាង ១.៥ពាន់លានដុល្លារសម្រាប់ជួយដល់វិស័យថាមពលអ៊ុយក្រែន និងស្ថានភាពមនុស្សធម៌នៅក្នុងប្រទេស ចំពោះមុខសង្រ្គាមជាង ២ឆ្នាំរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ ២០២៤។

ការ​ប្រកាស​នេះត្រូបានធ្វើ​ឡើង​ ខណៈ​ដែលលោកស្រី Harris ​អញ្ជើញចូល​រួម​កិច្ច​ប្រជុំ​កំពូលសន្តិភាពស្តីពី​អ៊ុយក្រែន ​នៅ​ក្រុង Lucerne ប្រទេស​ស្វីស។ ការិយាលយ លោកស្រី Harris បានឱ្យដឹងថា ទឹកប្រាក់ចំនួន ១.៥ពាន់លានដុល្លារ គឺរួមមាន ៥០០លានដុល្លារជាមូលនិធិថ្មីសម្រាប់វិស័ថាមពល និងចំនួន ៣២៤លានដុល្លារសម្រាប់ការជួសជុលហេដ្ឋាឋារចនាសម្ព័ន្ធថាមពលដែលរងគ្រោះ និងតម្រូវការផ្សេងៗទៀត។

ទន្ទឹមនេះ លោកស្រី Harris ក៏បានប្រកាសជំនួយមនុស្សធម៌ជាង ៣៧៩លានដុល្លារពីក្រសួងការបរទេស និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដើម្បីជួយដល់ជនភៀសខ្លួន និងប្រជាជនផ្សេងទៀតដែលរងផលប៉ះពាល់ពីសង្រ្គាម។ ថវិកា ៣៧៩លានដុល្លារនេះ គ្របដណ្តប់លើជំនួយស្បៀងអាហារ សេវាសុខភាព ទីជម្រក ទឹកស្អាត និងសេវាអនាម័យ សម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់។

គួរបញ្ជាក់ថា លោកស្រី Harris ដែលតំណាងឱ្យ លោក បៃ ដិន ចូលរួមកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែន ក៏បានជួបលោកប្រធានាធិបតី ហ្សេលេនស្គី ហើយថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំផងដែរ៕