(ស្តុកខុល)៖ ក្រុមមន្ត្រីនិយាយថា ប្រទេសស៊ុយអែត និងអ៉ីរ៉ង់ បានធ្វើការដោះដូរអ្នកទោសទៅវិញទៅមក នៅថ្ងៃសៅរ៍នេះ ដោយភាគីស៊ុយអែត ដោះលែងអតីតមន្ត្រីអ៉ីរ៉ង់ម្នាក់ដែលត្រូវបានកាត់ទោស ជុំវិញភាពជាប់ពាក់ព័ន្ធរបស់លោកក្នុងការប្រហារជីវិតដ៏ធំមួយ នាទសវត្សរ៍ឆ្នាំ ១៩៨០ ខណៈអ៉ីរ៉ង់ ដោះលែងជនជាតិស៊ុយអែត ២នាក់ដែលកំពុងជាប់ឃុំនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ ២០២៤។

ការដោះដូរអ្នកទោសត្រូវបានសម្របសម្រួលដោយប្រទេសអូម៉ង់។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស «កិច្ចខិតខំប្រឹងប្រែងរបស់អូម៉ង់ នាំឱ្យភាគីទាំងពីរព្រៀមព្រៀមលើការដោះលែងទៅវិញទៅមក ខណៈអ្នកដែលត្រូវបានដោះលែង ត្រូវបញ្ជូនចេញពីរដ្ឋធានីតេហេរ៉ង់ និងរដ្ឋធានីស្តុកខុល»។

មន្ត្រីសិទ្ធិមនុស្សថ្នាក់កំពូលរបស់អ៉ីរ៉ង់ បានបញ្ជាក់តាមបណ្តាញសង្គម X ថាស៊ុយអែត បានដោះលែងអតីតមន្ត្រីអ៉ីរ៉ង់ លោក Hamid Noury ​​ហើយលោកត្រលប់មកប្រទេសកំណើតវិញ ក្នុងរយៈពេល ២ ទៅ ៣ម៉ោងក្រោយ។ ដោយឡែក នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson បានឱ្យដឹងថា ពលរដ្ឋស៊ុយអែតពីររូប ដែលជាប់ឃុំនៅអ៉ីរ៉ង់កន្លងមក ឥលូវនេះស្ថិតនៅយន្តហោះត្រលប់មកស៊ុយអែតវិញ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអ៉ីរ៉ង់ និងស៊ុយអែត បានធ្លាក់ចុះជុំវិញការកាត់ទោសអតីតមន្រ្តីអ៉ីរ៉ង់ខាងលើនេះ។ រដ្ឋាភិបាលអ៉ីរ៉ង់ ចាត់ទុកការកាត់ក្តីរបស់ស៊ុយអែត រងឥទ្ធិពលពីក្រុម Mojahedin-e Khalq (MEK) ជាក្រុមដែលមានមូលដ្ឋាននៅបរទេស និងត្រូវបានអ៉ីរ៉ង់ចាត់ទុកជាអង្គការភេរវករ សម្រាប់ការទម្លាក់គ្រាប់បែកជាច្រើន ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និងជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីអ៉ីរ៉ាក់ លោក Saddam Hussein អំឡុងសង្គ្រាមអ៉ីរ៉ាក់-អ៉ីរ៉ង់រយៈពេល ៨ឆ្នាំ៕