(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៉ីនតោន ក្នុងពេលឆាប់ៗ ដើម្បីបើកកិច្ចពិភាក្សា ជាមួយសមភាគីរបស់លោក ស្របពេលដែល​សង្រ្គាមនៅតំបន់ Gaza រកទីបញ្ចប់មិនទាន់ឃើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៦​ ខែមិថុនា ឆ្នាំ២០២៤។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងកិច្ចសន្ទនាគ្នាមួយ តាមទូរស័ព្ទកាលពី​ថ្ងៃអង្គារសប្តាហ៍នេះ ជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin លោក Gallant បានទទួលយកការអញ្ជើញ ឱ្យបំពេញ​ទស្សនកិច្ចមកកាន់មន្ទីរបញ្ចកោណ។ បើតាមលោក Ryder កាលបរិច្ឆេទជាក់លាក់ នៃដំណើរទស្សនកិច្ចនោះ មិនទាន់ត្រូវបានកំណត់ឱ្យ​ច្បាស់នៅឡើយទេ ប៉ុន្តែវានឹងកើតឡើង ក្នុងពេលឆាប់ៗ ហើយមានគោលដៅពិភាក្សាបន្ថែមទៀត ស្តីពីស្ថានការណ៍វិវឌ្ឍន៍ផ្នែកសន្តិសុខ នៅតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងព្យាយាមដាក់សម្ពាធ ឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលខ្លួនអះអាងថា មានការគាំទ្រពីនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ប៉ុន្តែវាបានបង្កការមិនពេញចិត្ត ក្នុងចំណោមសម្ព័ន្ធមិត្តស្តាំនិយមមួយចំនួន របស់លោក Netanyahu។ ក្នុងការឆ្លើយតបផ្លូវការនាសប្តាហ៍នេះ ក្រុមហាម៉ាសប៉ាឡេស្ទីន បានសម្រេចចិត្តមិនទាន់ទទួលយក ផែនការបទឈប់បាញ់នោះ នៅឡើយទេ ដោយបានស្នើកែសម្រួលចំណុចមួយចំនួន។ សង្រ្គាមនៅ Gaza បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣៕