(កាលីហ្វ័រញ៉ា)៖ អាជ្ញាធរបានបញ្ជាឱ្យមានការជម្លៀសប្រជាពលរដ្ឋ ខណៈដែលភ្លើងឆេះព្រៃមួយយ៉ាងសន្ធោសន្ធៅ ក្នុងស្រុកឡូស អាន់ជឺឡេស បានរាលដាលរាប់ពាន់ហិចតា នៅជិតផ្លូវហាយវេដ៏ធំមួយ និងគំរាមកំហែងដល់អគារនៅក្បែរនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

អគ្គីភ័យដែលត្រូវបានគេហៅថាភ្លើងឆេះព្រៃ Post Fire បានឆាបឆេះប្រមាណ ១៤.៥គីឡូម៉ែត្រការ៉េ នៅជិតផ្លូវហាយវេ Interstate 5 ក្នុងតំបន់ Gorman ដែលមានចម្ងាយប្រហែល ១០០គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងឡូស អាន់ជឺឡេស នេះបើយោងតាមនាយកដ្ឋានព្រៃឈើ និងការពារអគ្គីភ័យរដ្ឋកាលីហ្វ័រញ៉ា។ អាជ្ញាធរបាននិយាយថា ភ្លើងឆេះព្រៃនេះបានចាប់ផ្តើមឆេះនៅថ្ងៃសៅរ៍ នៅវេលាម៉ោង ១:៤៥រសៀល (ម៉ោងក្នុងតំបន់) ហើយរហូតមកដល់វេលាម៉ោង ១០៖៤៩នាទីយប់ថ្ងៃដដែលនេះ នៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ។

មកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីជនរងគ្រោះនៅឡើយទេ ប៉ុន្តែក្រុម មន្ត្រីពន្លត់អគ្គីភ័យរដ្ឋកាលីហ្វ័រញ៉ា (Cal Fire) បានជម្លៀសមនុស្សចំនួន ១២០០ នាក់ចេញពីឧទ្យាន Hungry Valley Park និងបានចេញសេចក្តីព្រមានឱ្យត្រៀមខ្លួនជម្លៀស សម្រាប់តំបន់នៅភាគខាងត្បូងនៃបឹង Pyramid រួមទាំង Paradise Ranch Estates ផងដែរ។

យន្តហោះពន្លត់អគ្គីភ័យ ក៏ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះដែរ ប៉ុន្តែមានការលំបាកដោយសារមានផ្សែងច្រើន។ អាជ្ញាធរក៏បានចេញសេចក្តីព្រមានអំពីផ្សែងពុល ដោយជំរុញឱ្យប្រជាពលរដ្ឋនៅតំបន់ Castaic និង Santa Clarita ជៀសវាងសកម្មភាពក្រៅផ្ទះ ហើយជំរុញឱ្យស្នាក់នៅតែក្នុងផ្ទះ និងប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់ ឬបើកម៉ាស៊ីនត្រជាក់។

មូលហេតុនៃការឆេះព្រៃនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត៕