(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ការបាញ់ប្រហារមួយបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ នៅជិតទីក្រុងអូស្ទីន (Austin) រដ្ឋធានីនៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បណ្ដាលឱ្យមនុស្ស ២នាក់ បានស្លាប់និងជាច្រើននាក់ទៀតរងរបួស នេះបើយោងតាមសម្ដីប៉ូលីស ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

ហេតុការណ៍នេះបានកើតឡើងមុនម៉ោង ១១ យប់ថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្នុងអំឡុងពេលប្រារព្ធពិធី Juneteenth (ទិវារំដោះទាសករ) នៅឧទ្យាន Old Settlers Park ក្នុងទីក្រុង Round Rock ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីភាគខាងជើងទីក្រុងអូស្ទីន។

លោក អាឡិន ប៊ែង (Allen Banks) ប្រធានប៉ូលីសទីក្រុង Round Rock បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការឈ្លោះប្រកែកគ្នាបានផ្ទុះឡើងរវាងក្រុមពីរ ក្នុងអំឡុងពេលការប្រគុំតន្ត្រីក្នុងពិធី Juneteenth និងនាំឱ្យមានការបាញ់ប្រហារនេះតែម្ដង។ ជនរងគ្រោះទាំងពីរដែលបានស្លាប់នៅកន្លែងកើតហេតុ មិនបានជាប់ពាក់ព័ន្ធនឹងការឈ្លោះប្រកែកគ្នានោះទេ ខណៈជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។

ប៉ូលីសបានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ហើយមិនទាន់ដឹងច្បាស់ថា ជនល្មើសមានចំនួនប៉ុន្មាននាក់នៅឡើយទេ។ មកដល់ពេលនេះ ក៏មិនទាន់មានការចាប់ខ្លួនជនសង្ស័យណាម្នាក់ដែរ៕