(វែលីងតោន)៖ ការិយាល័យរបស់នាយករដ្ឋមន្រ្តីនៃប្រទេសនូវែលសេឡេង់ នាថ្ងៃចន្ទនេះ បានទទួលស្គាល់ថា យន្តហោះយោធាមួយគ្រឿង ដែលដឹកនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Christopher Luxon ឆ្ពោះទៅកាន់ប្រទេសជប៉ុន បានជួបបញ្ហាកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ជាហេតុបង្ខំឱ្យរូបលោកត្រូវជិះជើងហោះហើរពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។

លោក Luxon កំពុងស្ថិតក្នុងការបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅប្រទេសជប៉ុន ជាទីដែលលោកត្រូវជួបជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida និងផ្សព្វផ្សាយលើកកម្ពស់វិស័យធុរកិច្ចរបស់នូវែលសេឡង់។ ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយនូវែលសេឡង់ បានរាយការណ៍ថា យន្តហោះ Boeing 757 បានខូច អំឡុងពេលឈប់ចាក់សាំង នៅប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ ដែលប្រការនេះ ធ្វើឱ្យគណៈប្រតិភូធុរកិច្ច និងក្រុមអ្នកកាសែត ត្រូវនៅជាប់គាំងនៅទីក្រុង Port Moresby ខណៈលោក Luxon បានបន្តដំណើរឆ្ពោះទៅ​ជប៉ុន តាមរយៈជើងហោះហើរពាណិជ្ជកម្ម។ វាមិនមែនជាលើកទី១ឡើយ ដែលយន្តហោះដឹក នាយករដ្ឋមន្រ្តីនូវែលសេឡង់ បានខូចអំឡុងពេលដំណើរទស្សនកិច្ច ចេញក្រៅប្រទេសបែបនេះ។

គួរបញ្ជាក់ថា យន្តហោះ Boeing 757 ២គ្រឿងរបស់កងកម្លាំងការពារជាតិនូវែលសេឡង់ គឺមានអាយុកាលជាង៣០ឆ្នាំមកហើយ ខណៈ​អាយុចំណាស់របស់ពួកវា បានធ្វើឱ្យយន្តហោះទាំងនេះ ជួបបញ្ហាកាន់តែញឹកញាប់ឡើងៗ។ រដ្ឋមន្រ្តីការពារជាតិនូវែលសេឡង់ លោកស្រី Judith Collins បាននិយាយនៅថ្ងៃចន្ទនេះថា បញ្ហាយន្តហោះដែលកើតមានជាដដែលៗនេះ គឺជារឿងអាម៉ាស់មួយ ហើយខាងក្រសួងការពារជាតិនូវែលសេឡង់ កំពុងព្យាយាមពិនិត្យមើលជម្រើស ឱ្យលោក Luxon និងប្រតិភូអមដំណើររបស់លោក ធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្ម ចាប់ពីពេលនេះតទៅ៕