(យូអិន)៖ នៅក្នុងរបាយការណ៍មួយរបស់អង្គការសហប្រជាតិ (UN) បានលើកឡើងថា ពិភពលោកកំពុងស្ថិតនៅឆ្ងាយខ្លាំងណាស់​ពីគោលដៅភាគច្រើន នៃការអភិវឌ្ឍប្រកបដោយ​ចីរភាព​​ ដែល​បាន​ព្រមព្រៀង​ក្នុង​ឆ្នាំ២០១៥ ដូចជា​ការ​ដោះស្រាយ​ភាពក្រីក្រ និង​ភាពអត់ឃ្លាន ដោយសារតែបញ្ហាខ្វះខាតថវិកា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ ២០២៤។

របាយការណ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពប្រចាំឆ្នាំរបស់ UN បានវាស់ស្ទង់ការអនុវត្តរបស់សមាជិកទាំង ១៩៣ប្រទេស ជុំវិញ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ចំនួន ១៧ ដែលរួមបញ្ចូលផងដែរ នូវការកែលម្អលទ្ធភាពទទួលបានការអប់រំ ការថែទាំសុខភាព ការផ្តល់ថាមពលស្អាត និងការការពារជីវចម្រុះ។ របាយកាណ៍រកឃើញថា គ្មានគោលដៅណាមួយក្នុងចំណោម ១៧គោលដៅ ដែលទំនងនឹងត្រូវសម្រេចនៅឆ្នាំ ២០៣០ឡើយ ដ្បិតគោលដៅភាគច្រើន បង្ហាញសញ្ញានៃដំណើការទៅមុខ «នៅមានកម្រិត ឬដើរបញ្ច្រាសមកវិញ»។ របាយការណ៍ដដែលនេះ បានជំរុញឱ្យប្រទេសនានា​ ដោះស្រាយបញ្ហាខ្វះខាតថវិការ៉ាំរ៉ៃ ហើយថែមទាំងកែប្រែប្រព័ន្ធរបស់ UN ផ្ទាល់ផងដែរ។

អនុប្រធាននៃបណ្តាញរកដំណោះស្រាយអភិវឌ្ឍន៍ដោយចីរភាពរបស់ UN និងជាអ្នកដឹកនាំសរសេររបាយការណ៍ លោក Guillaume Lafortune គូសបញ្ជាក់ថា «អ្វី​ដែល​របាយការណ៍​នេះ​រំលេចឡើង គឺ​ថាសូម្បី​តែ​មុន​ពេលនៃជំងឺ​កូវីដ១៩ក្តី ការ​រីក​ចម្រើន​គឺ​មានភាពយឺតយ៉ាវពេក​ហើយ។ ដំបូងជាជំងឺរាតត្បាត វិបត្តិផ្សេងៗ រួមទាំងជម្លោះយោធា បន្ទាប់មកគឺភាពជាប់គាំង»។ របាយការណ៍ បានដាក់គោលដៅ ដោះស្រាយភាពអត់ឃ្លាន ការបង្កើតទីក្រុងប្រកបដោយនិរន្តរភាព ការការពារជីវៈចម្រុះនៅលើដីគោក និងក្នុងទឹក ពិសេសតំបន់ងាយរងគ្រោះ។ រីឯ គោលដៅ​នយោបាយ​ ដូចជា​សេរីភាព​សារព័ត៌មាន​ ក៏​ត្រូវបាន​មើលថា «​​ថយ​ចុះ​ពីភាព​​រីក​ចម្រើន​»

គួរបញ្ជាក់ថា ហ្វាំងឡង់ ស៊ុយអែត និងដាណឺម៉ាក ជាប់ចំណាត់ថ្នាក់កំពូលតារាង នៃប្រទេសដែលបានអនុវត្ត ហើយចិនបានធ្វើសកម្មភាព លឿនជាងការកំណត់ ប៉ុន្តែបណ្តាប្រទេសក្រីក្របំផុតនៅលើពិភពលោក កាន់តែជួបបញ្ហាលំបាកថែមទៀត៕