​(សេអ៊ូល)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាបង្កើតប្រព័ន្ធពាណិជ្ជកម្ម និងសន្តិសុខជាមួយកូរ៉េខាងជើង ដែលនឹងមិនស្ថិតក្រោមការគ្រប់គ្រងដោយលោកខាងលិចទេ ហើយក៏បានសន្យាដែរថានឹងផ្ដល់ការគាំទ្រឥតងាករេសម្រាប់ទីក្រុងព្យុងយ៉ាង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤។

លោក ពូទីន ធ្វើការសន្យាខាងលើ នៅក្នុងលិខិតមួយដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានកូរ៉េខាងជើង Rodong Sinmun មុននឹងរូបលោកត្រូវបំពេញទស្សនកិច្ចទៅកាន់ទីក្រុង ព្យុងយ៉ាង។ ក្នុងលិខិតនេះដដែល លោក ពូទីន ក៏បានគូសបញ្ជាក់ផងដែរថារុស្ស៉ី និងកូរ៉េខាងជើង បានអភិវឌ្ឍទំនាក់ទំនង និងភាពជាដៃគូបានយ៉ាងល្អប្រសើរអស់រយៈពេលជាង ៧០ឆ្នាំ មកនេះ ផ្អែកលើគោលការណ៍ស្មើភាព ព្រមទាំងគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក។ «យើងនឹងអភិវឌ្ឍយន្តការពាណិជ្ជកម្ម និងការស្រុះស្រួលគ្នាទៅវិញទៅមក ដែលមិនស្ថិត នៅក្រោមគ្រប់គ្រងដោយលោកខាងលិចនោះទេ ហើយរួមដៃគ្នាប្រឆាំងនឹងការរឹតត្បិតឯកតោភគីដោយខុសច្បាប់ទាំងឡាយ។ ព្រមពេលជាមួយគ្នា យើងនឹងកសាងប្រព័ន្ធសន្តិសុខមួយ ប្រកបដោយស្មើភាព និងមិនអាចបំបែកបំបាក់បានក្នុងតំបន់អឺរ៉ាស៊ី»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន។

គួរបញ្ជាក់ថា លោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ជាលើកដំបូងក្នុងពេល ២៤ឆ្នាំ ពីថ្ងៃអង្គារ ទី១៨ ដល់ថ្ងៃពុធ ទី១៩ ខែមិថុនានេះ។ បន្ទាប់ពីកូរ៉េខាងជើង លោក ពូទីន ក៏នឹងធ្វើទស្សនកិច្ចទៅកាន់វៀតណាម ផងដែរពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា៕