(សេអ៊ូល)៖ ទាហានកូរ៉េខាងជើងរាប់សិបនាក់ បានឆ្លងខ្សែបន្ទាត់ព្រំដែនជាមួយកូរ៉េខាងត្បូង រយ​ៈពេលខ្លី នៅថ្ងៃអង្គារ ទី១៨ ខែមិថុនានេះ តែបានដកថយទៅវិញ ក្រោយការបាញ់ព្រមាន ខណ​ៈទាហានកូរ៉េខាងជើងជាច្រើននាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់មីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការឆ្លងខ្សែ​បន្ទាត់ព្រំដែនបែបនេះក៏ធ្លាប់កើតឡើងផងដែរកាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅ។ មន្ត្រីម្នាក់មកពីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «ទាហានកូរ៉េខាងជើង រាប់សិបនេះបានឆ្លងខ្សែបន្ទាត់ព្រំដែនយោធានៅថ្ងៃនេះ (ថ្ងៃអង្គារ) ហើយបានដកថយឆ្ពោះទៅខាងទឹកដីកូរ៉េខាងជើងវិញបន្ទាប់ពីការបាញ់ព្រមាន»។ បន្ថែមពីលើនេះ យោធាកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ​ ក៏បានរាយការណ៍ផងដែរថាទាហានកូរ៉េខាងជើងជាច្រើននាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីននៅក្បែរតំបន់ព្រំដែន។ តែមិនបានឱ្យដឹងថាតើហេតុការណ៍ផ្ទុះគ្រាប់មីន នោះ កើតឡើងតាំងតែពីណាមកនោះទេ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុខាងលើ កើតមានឡើង ចំពេលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមបំពេញទស្សនកិច្ចផ្លូវរដ្ឋដ៏កម្រមួយទៅកាន់កូរ៉េខាងជើង ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនានេះដើម្បីជំរុញទំនាក់ទំនងយោធារវាងប្រទេសទាំង២៕