(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃដ៏មានឥទ្ធិពល លោក Thaksin Shinawatra ដែលជាអ្នកនៅពីក្រោយរដ្ឋាភិបាលថៃបច្ចុប្បន្ន ត្រូវបានតុលាការអនុញ្ញាតឱ្យតម្កល់ប្រាក់សុំនៅក្រៅឃុំ ដើម្បីចៀសវាងជាប់ឃុំឃាំង មុនការបើកសវនាការជំនុំជម្រះ ពាក់ព័ន្ធសំណុំរឿង​ប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤។

លោក Thaksin បានស្វែងរកការអនុញ្ញាតឱ្យតម្កល់ប្រាក់សុំនៅក្រៅឃុំភ្លាមៗ ពីសំណាក់តុលាការព្រហ្មទណ្ឌថៃ បន្ទាប់ពីអគ្គព្រះរាជអាជ្ញាថៃ បានចោទប្រកាន់ជាផ្លូវការលើរូបលោក ក្រោមច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រ ពាក់ព័ន្ធសម្តីរបស់លោក នៅក្នុងបទសម្ភាសមួយជាមួយ​ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៥។ នៅក្នុងប្រទេសថៃ អ្នកដែលត្រូវបានរកឃើញថា មានពិរុទ្ធលើបទចោទប្រមាថព្រះមហាក្សត្រ អាចត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ ក្នុងមួយបទល្មើស។

តុលាការព្រហ្មទណ្ឌថៃ បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «តុលាការបានសម្រេចអនុញ្ញាតឱ្យ លោក Thaksin អាចនៅក្រៅឃុំ តាមរយៈការដាក់ប្រាក់តម្កល់ ចំនួន៥០០,០០០បាត ឬស្មើនឹង១៣,៦០០ដុល្លារអាមេរិក ក្រោមលក្ខខណ្ឌថា រូបលោកត្រូវហាមឃាត់ មិនឱ្យចាក​ចេញពីប្រទេសថៃឡើយ លុះត្រាតែទទួលបាន ការអនុញ្ញាតឱ្យធ្វើយ៉ាងដូច្នោះ»

គួរបញ្ជាក់ថា ក្នុងថ្ងៃអង្គារនេះ តុលាការធម្មនុញ្ញថៃ ក៏នឹងបើកសវនាការមួយផងដែរ សម្រាប់សំណុំរឿងផ្តើមឡើង ដោយសមាជិកព្រឹទ្ធសភាថៃ ១ក្រុម ដែលអាចនឹងមើលឃើញ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin ត្រូវដកហូតតំណែង ដោយសារបំពានច្បាប់ តាមរយៈការតែងតាំងមេធាវីម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ឱ្យកាន់តួនាទីក្នុងគណៈរដ្ឋមន្រ្តីរបស់លោក។

ជាមួយគ្នានេះ តុលាការដដែល នឹងបើកសវនាការមួយទៀត សម្រាប់សំណុំរឿង ដែលមានគោលដៅ រំលាយគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព Move Forward ជុំវិញគោលនយោបាយធ្វើវិសោធនកម្ម ច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រ ក្រោយមានការដាក់ពាក្យបណ្តឹង ដោយគណៈកម្មការបោះឆ្នោតថៃ។ តុលាការត្រូវគេរំពឹងថា នឹងប្រកាសអំពីកាលបរិច្ឆេទសវនាការបន្ទាប់ ឬកាលបរិច្ឆេទប្រកាសសាលក្រម សម្រាប់សំណុំរឿងពាក់ព័ន្ធលោក Srettha និងបក្ស Move Forward នាថ្ងៃអង្គារនេះ។

មិនតែប៉ុណ្ណោះ តុលាការធម្មនុញ្ញថៃ ក្នុងថ្ងៃដដែលនេះ ក៏នឹងចេញសេចក្តីសម្រេចផងដែរ ថាតើ នីតិវិធីជ្រើសរើសបច្ចុប្បន្ន សម្រាប់សមាសភាព សមាជិកព្រឹទ្ធសភាអាណត្តិថ្មី ដែលបានចាប់ផ្តើមនាពេលកន្លងទៅ ក្នុងខែមិថុនានេះ ហើយនឹងបញ្ចប់ទៅវិញនៅដើមខែកក្កដា គឺមានភាពស្របច្បាប់ត្រឹមត្រូវ ឬក៏យ៉ាងណា៕