(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានដកហូតតំណែងអនុរដ្ឋមន្រ្តី៤រូប នៅក្រសួងការពារជាតិរុស្ស៉ី ចំពោះមុខការបន្តបោសសំអាតអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤។

វាគឺជាសកម្មភាពថ្មីចុងក្រោយមួយទៀត នៃការរុះរើក្នុងទ្រង់ទ្រាយធំ ដែលលោក ពូទីន បានចាប់ផ្តើមធ្វើឡើង កាលពីខែឧសភាកន្លងទៅ នៅពេលដែលលោក បានបង្កភាពភ្ញាក់ផ្អើលនឹកស្មានមិនដល់ តាមរយៈការដកតំណែងរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Shoigu ដែលជាមនុស្សជំនិតយូរមកហើយរបស់លោក។

ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែន បាននិងកំពុងបន្តអូសបន្លាយពេលជាង២ឆ្នាំមកនេះ លោកប្រធានាធិបតីរុស្ស៉ី បានប្រើប្រាស់​ការផ្លាស់ប្តូរនេះ ដើម្បីជាសញ្ញាថា រូបលោកមានបំណងបោសសំអាតអំពើពុករលួយ នៅក្នុងក្រសួងការពារជាតិរុស្ស៉ី ហើយបង្កើនប្រសិទ្ធភាព​សេដ្ឋកិច្ចគាំទ្រសង្រ្គាមរបស់ប្រទេសរុស្ស៉ី ដើម្បីបម្រើតម្រូវការរបស់កងទ័ព នៅឯសមរភូមិមុខ។

គួរបញ្ជាក់ថា យោងតាមក្រឹត្យវិមានក្រឹមឡាំង អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៉ីទាំង៤នាក់ ដែលត្រូវបានដកតំណែង រួមមានឈ្មោះ Nikolai Panko, Ruslan Tsalikov, Tatiana Shevtsova និង Pavel Popov។ លោក ពូទីន បានតែងតាំង លោកស្រី Anna Tsivileva ដែលត្រូវជាកូនស្រីបងប្អូនជីដូនមួយរបស់លោក ឱ្យកាន់តួនាទី អនុរដ្ឋមន្រ្តីការពារជាតិថ្មី ដែលការទទួលខុសត្រូវ រួមមានដូចជា ​ការគាំទ្រផ្នែកសង្គមនិងផ្ទះសម្បែង សម្រាប់ពលទាហាន។ ប្តីរបស់លោកស្រី គឺលោក Sergei Tsivilev ជារដ្ឋមន្រ្តីថាមពលរុស្ស៉ី។

ចំណែក លោក Leonid Gornin ដែលពីមុនមកជាអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុទី១ ឥឡូវនឹងកាន់តួនាទីជា អនុរដ្ឋមន្រ្តីការពារជាតិទី១វិញ ក្រោមរដ្ឋមន្រ្តីការពារជាតិរុស្ស៉ីថ្មី លោក Andrei Belousov ដែលជាអ្នកជំនាញសេដ្ឋកិច្ច មិនមានបទពិសោធយោធា ហើយត្រូវបាន​លោក ពូទីន តែងតាំងកាលពីខែមុន ជំនួសលោក Shoigu។ រីឯអនុរដ្ឋមន្រ្តីការពារជាតិរុស្ស៉ីថ្មី២រូបទៀត គឺរួមមានលោក Oleg Savelyev ហើយនិងលោក Pavel Fradkov ដែលជាកូនប្រុសអតីតនាយករដ្ឋមន្រ្តីរុស្ស៉ី លោក Mikhail Fradkov។

មុនការដកតំណែងលោក Sergei Shoigu អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៉ីម្នាក់ ឈ្មោះ Timur Ivanov ត្រូវបានចាប់ខ្លួនកាលពីខែមេសា ហើយត្រូវបានចោទប្រកាន់ពីបទទទួលសំណូក។ ចាប់តាំងពីពេលនោះមក មន្រ្តីយោធាជាន់ខ្ពស់រុស្ស៉ីសរុប៤រូបទៀត ក៏ត្រូវបានចាប់ខ្លួន​ផងដែរ ក្រោមបទចោទស្រដៀងគ្នា ក្នុងរឿងអាស្រូវពុករលួយដ៏ធំបំផុតមួយ សម្រាប់រដ្ឋាភិបាលរុស្ស៉ី ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕