(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Christopher Luxon នាថ្ងៃអង្គារនេះ បានននិយាយថា នូវែលសេឡង់នឹងបង្កើន​ការចូលរួមចំណែករបស់ខ្លួនខាងផ្នែកយោធា ក្នុងកិច្ចប្រឹងប្រែងឃ្លាំមើលការអនុវត្តទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤។

លោក Luxon បាននិយាយថា រដ្ឋាភិបាលនូវែលសេឡង់ បានប្តេជ្ញាចិត្តបញ្ជូន នាវាយោធារបស់កងកម្លាំងការពារជាតិ ជាលើកដំបូង ហើយបង្កើន ការដាក់ពង្រាយឱ្យកាន់តែញឹកញាប់ថែមទៀត នៃយន្តហោះយោធា ដើម្បីគាំទ្រចំពោះការងារតាមដានទណ្ឌកម្មកូរ៉េខាងជើង រហូតដល់​ខែកញ្ញា ឆ្នាំ២០២៦។ លោកនាយករដ្ឋមន្រ្តីនូវែលសេឡង់ បានលើកឡើងថា «ការបង្កើននេះឆ្លុះបញ្ចាំង សារសំខាន់ដែលនូវែលសេឡង់ ដាក់ទៅលើកិច្ចប្រឹងប្រែងរួមគ្នាខាងផ្នែកសន្តិសុខ ដែលគាំទ្រសន្តិភាពនិងស្ថិរភាព ព្រមទាំងប្រព័ន្ធដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក»

គួរបញ្ជាក់ថា រដ្ឋាភិបាលនូវែលសេឡង់ បាននិងកំពុងព្យាយាមបង្កើនការចូលរួមរបស់ខ្លួន នៅលើឆាកអន្តរជាតិទាំងតាមផ្នែកការទូត និងទាំង​តាមរយៈការចូលរួមចំណែកផ្នែកយោធា ហើយក្នុងខែមិថុនានេះ ទើបតែបានប្រកាសថា ខ្លួននឹងដាក់ពង្រាយកងទ័ពបន្ថែមទៀតទៅកាន់​បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសកូរ៉េខាងត្បូង៕