(តៃប៉ិ)៖ ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ដ្រូន និងមីស៊ីលក្នុងទំហំទឹកប្រាក់ជាង ៣៦០លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ក្នុងពេលដែលចិនបន្តបង្កើនការធ្វើសកម្មភាពយោធា នៅជុំវិញដែនកោះមួយនេះដែលប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិនៃមន្ទីរបញ្ចកោណ បានឱ្យដឹងទៀតថាអាវុធដែលសហរដ្ឋអាមេរិក យល់ព្រមលក់ឱ្យតៃវ៉ាន់ រួមមាន ដ្រូន Switchblade និងមីស៊ីលប្រឆាំងរថក្រោះ រួមទាំងបរិក្ខារពាក់ព័ន្ធផ្សេងទៀតគិតជាទឹកប្រាក់ ៦០.២លានដុល្លារ ព្រមទាំងដ្រូនប្រភេទ ALTIUS 600M-V និងបរិក្ខារពាក់ព័ន្ធជាង ៣០០លានដុល្លារ។ ទីភ្នាក់ងាររបស់មន្ទីរបញ្ចកោណ ក៏បានសង្កត់ធ្ងន់ដែរថាការលក់អាវុធទាំងនេះនឹងធ្វើឱ្យសន្តិសុខរបស់តៃវ៉ាន់ កាន់តែល្អប្រសើរឡើង និងអាចចូលរួមចំណែកក្នុងការថែរក្សា ស្ថិរភាពនយោបាយ តុល្យភាពយោធា និងការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់។

ចំណែក ខាងក្រសួងការពារជាតិតៃវ៉ាន់វិញ ក៏បានអរគុណសហរដ្ឋអាមេរិកផងដែរ សម្រាប់កិច្ចប្រឹងប្រែងបង្កើនការលក់អាវុធឱ្យកោះតៃវ៉ាន់។ «ប្រឈមមុខនឹងការធ្វើសកម្មភាពយោធាជាប្រចាំ នៅជុំវិញកោះតៃវ៉ាន់ ពីសំណាក់ចិនកុម្មុយនិស្ដ ការអនុម័តការលក់អាវុធនេះនឹងជួយពង្រឹងសមត្ថភាពតាមដាន និងវាយប្រហារ ហើយអាចឆ្លើយតបភ្លាមៗទៅនឹងការគំរាមកំហែងណាមួយ ពីសត្រូវ»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់ ក្នុងសេចក្ដីថ្លែងការណ៍មួយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានកាតព្វកិច្ចនៅក្រោមច្បាប់មួយដែលតម្រូវផ្ដល់ឱ្យតៃវ៉ាន់នូវសមត្ថភាពការពារខ្លួនឯង បើទោះជាវ៉ាស៊ីនតោនមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃប៉ិ និងជារឿយៗធ្វើឱ្យចិនក្ដៅក្រហាយក៏ដោយ។ ចិនបានបង្កើនការធ្វើសកម្មភាពជាការដាក់សម្ពាធលើតៃវ៉ាន់ ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធឡោមព័ទ្ធដែនកោះមួយនេះ កាលពីខែឧសភា កន្លងទៅ បន្ទាប់ពីលោក Lai Ching-te ឡើងកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់៕