(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃពុធ ទី១៩ ខែមិថុនានេះបាននិយាយថាចិនកំពុងព្យាយាមបង្ខំឱ្យតៃវ៉ាន់ចុះចាញ់ ប៉ុន្តែលោកអះអាងថា ទីក្រុងតៃប៉ិ នឹងមិនចុះញ៉មចំពោះការដាក់សម្ពាធពីប៉េកាំងជាដាច់ដាច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ចិនបានអះអាងថាតៃវ៉ាន់ត្រឹមតែជាផ្នែកមួយនៃទឹកដីរបស់ខ្លួនប៉ុណ្ណោះ ហើយបានព្រមានជារឿយៗថានឹងប្រើកម្លាំងដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ នៅក្នុង ករណីចាំបាច់។ ប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានបង្កើនការដាក់សម្ពាធទាំងយោធា និងនយោបាយលើកោះតៃវ៉ាន់ ដោយក្នុងនោះមានទាំងការធ្វើសមយុទ្ធយោធា ឡោមព័ទ្ធកោះតៃវ៉ាន់ ក្រោយលោក Lai Ching-te ឡើងកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ។

ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធនេះគម្រប់មួយខែដំបូងនៃការចូលកាន់តំណែង លោក Lai Ching-te បានគូសបញ្ជាក់ដូច្នេះថា «ការក្រសោប យកតៃវ៉ាន់ គឺជាគោលនយោបាយជាតិមួយរបស់សាធារណរដ្ឋប្រជាមានិតចិន។ ជាការបន្ថែមពីលើកម្លាំងយោធា ពួកគេបានបង្កើនវិធីសាស្ត្រសម្លុតគំរាម ដើម្បីបង្ខំឱ្យតៃវ៉ាន់ចុះចាញ់។ ប៉ុន្តែ តៃវ៉ាន់នឹងមិនចុះញ៉មសម្ពាធទាំងនោះឡើយ ហើយប្រជាជនតៃវ៉ាន់នឹងការពារដាច់ខាតនូវអធិបតេយ្យជាតិ ក៏ដូចជា ប្រកាន់យកប្រជាធិបតេយ្យ និងសេរីភាព ជាមាគ៌ាជីវិត»

គួរបញ្ជាក់ថា​ លោក Lai Ching-te ដែលត្រូវបានចិនចាត់ទុកថាជា «ជនឧទ្ទាមផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» បានសន្យាបន្តអនុវត្តតាមគោលនយោបាយមួយចំនួន របស់ អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងនោះរួមមានទាំងការរក្សាស្ថានភាពដើមនៃជ្រោយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ពោលមិនចាំបាច់ប្រកាស ឯករាជ្យអ្វីនោះទេ ព្រោះសម្រាប់រូបលោក តៃវ៉ាន់មានឯករាជ្យរួចទៅហើយ៕