(កៀវ)៖ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak ​បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមមន្រ្តីអ៊ុយក្រែន បានចាប់ផ្តើមការងារដើម្បីរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាព ជុំទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០២៤។

លោក Yermak បានប្រាប់សន្និសីទសារព័ត៌មានមួយថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពជុំទីពីរអាចធ្វើឡើងបាន ប៉ុន្តែដំណើរការត្រូវចំណាយពេលច្រើនខែទៅមុខទៀត។ លោក Yermak បញ្ជាក់ថា «កិច្ចប្រជុំកំពូលលើកទីពីរនឹងធ្វើទៅបាន នៅពេលដែលយើងមានផែនការរួមគ្នា ហើយមានការងារជាច្រើនទៀតដែលត្រូវធ្វើឱ្យរួចរាល់»។ បើតាមលោក Yermak អ្នកតំណាងរបស់រុស្ស៉ី អាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលជុំទីពីរ ដើម្បីបង្ហាញពីផែនការសន្តិភាព ដូចដែលកិច្ចប្រជុំក្នុងជុំទីមួយធ្វើឡើង នៅឯស្វីស កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែនជុំទីមួយ មានប្រទេសជាង ៩០ចូលរួម ប៉ុន្តែអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបរាជ័យក្នុងការបញ្ចុះបញ្ចូលរដ្ឋមិនចូលបក្សសម្ព័ន្ធធំៗ ឱ្យគាំទ្រសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ហើយគ្មានប្រទេសណាមួយចេញមុខធ្វើជាម្ចាស់ផ្ទះ នៅជុំទីពីរនោះទេ៕