(តៃប៉ិ)៖ នៅថ្ងៃពុធនេះ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានលើកឡើងថា មានតែកម្លាំងយោធារឹងមាំប៉ុណ្ណោះ ទើបអាចរក្សា​សន្តិភាពជាមួយចិនបាន ស្របពេលដែលសហរដ្ឋអាមេរិក ទើបតែយល់ព្រមលើការលក់អាវុធបន្ថែម ឱ្យមកដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន បានធ្វើសមយុទ្ធយោធារយៈពេល២ថ្ងៃ ឡោមព័ទ្ធដែនកោះនេះ គឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Lai បានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីខែឧសភាកន្លងទៅ។ ទីក្រុងប៉េកាំងបាននិយាយថា វាជាសារព្រមានដ៏ធ្ងន់មួយសម្រាប់​ការថ្លែងសុន្ទរកថាពេលឡើងកាន់តំណែង របស់លោក ដែលពោរពេញទៅដោយខ្លឹមសារចង់ផ្តាច់ខ្លួន។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នាឱកាសខួប១ខែ ចាប់តាំងពីពេលឡើងកាន់អំណាច លោក Lai បាននិយាយថា ប្រជាជនតៃវ៉ាន់ ស្រឡាញ់សន្តិភាព។

យ៉ាងណាមិញ លោក Lai បានលើកឡើងថា «ប៉ុន្តែសន្តិភាពចាំបាច់ត្រូវពឹងផ្អែកលើភាពខ្លាំងរឹងមាំ ពោលគឺអាចនិយាយបាន ចៀសវាងសង្រ្គាម តាមរយៈការត្រៀមលក្ខណៈសម្រាប់សង្រ្គាម ដើម្បីសម្រេចបាននូវសន្តិភាព។ ពាក្យសម្តីសន្យាទទេៗ មិនអាចសម្រេចបាន សន្តិភាពពិតប្រាកដឡើយ»។ ជាមួយគ្នានេះ លោក Lai ក៏បានអះអាងដែរថា តៃវ៉ាន់នឹងមិនឱនក្បាលចុះញ៉មសម្ពាធ​របស់ចិន ជាដាច់ខាត។

គួរបញ្ជាក់ថា មុនលោក Lai ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យមេដឹកនាំតៃវ៉ាន់ ក្នុងទីក្រុងតៃប៉ិ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ នៃមន្ទីរបញ្ចកោណអាមេរិក បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានអនុម័តលើ​ការលក់ដ្រូននិងមីស៉ីល ក្នុងតម្លៃប្រហែល៣៦០លានដុល្លារ ឱ្យមកតៃវ៉ាន់។ ទោះមិនមានទំនាក់ទំនងការទូតផ្លូវការ ជាមួយទីក្រុងតៃប៉ិក៏ដោយ សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកដ៏សំខាន់នៅលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធចម្បង របស់តៃវ៉ាន់។ ការលក់អាវុធរបស់អាមេរិក ឱ្យកោះតៃវ៉ាន់ បានធ្វើឱ្យចិនមានការមិនពេញចិត្តជាខ្លាំង៕