(ព្យុងយ៉ាង)៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រូបលោកអរគុណការគាំទ្ររបស់កូរ៉េខាងជើង អំឡុងដំណើរបំពេញទស្សនកិច្ចកម្រមួយ ដើម្បីជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងពេលចាប់ផ្តើមនៃកិច្ចពិភាក្សាជាមួយលោក គីម ជុងអ៊ុន លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងអរគុណណាស់សម្រាប់ ការគាំទ្រជាប្រព័ន្ធ និងឥតប្រែប្រួលរបស់អ្នក ចំពោះគោលនយោបាយរបស់ប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងលើបញ្ហាអ៊ុយក្រែន។ ថ្ងៃនេះ ឯកសារគោលថ្មីមួយ ត្រូវបានរៀបចំឡើង ដែលនឹងបម្រើជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរបស់យើង សម្រាប់រយៈពេលវែង»។ វិមានក្រឹមឡាំង បានចេញផ្សាយឯកសារមួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលបង្ហាញថា រុស្ស៉ីទំនងមានផែនការចុះសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្រ្ត» ជាមួយកូរ៉េខាងជើង។

លោកប្រធានាធិបតីរុស្ស៉ី បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ហើយលោក គីម ជុងអ៊ុន បានទៅទទួលស្វាគមន៍លោក ដោយផ្ទាល់នៅឯព្រលានយន្តហោះ និងបានរៀបចំពិធីយ៉ាងឱឡារិកបំផុត ដើម្បីផ្តល់កិត្តិយសដល់ លោក ពូទីន។ លោក ពូទីន ក៏បានអញ្ជើញលោក គីម ឱ្យទៅបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូផងដែរ។ លោក ពូទីន បាននិយាយថា «ខ្ញុំរីករាយណាស់អំពីជំនួបថ្មីរបស់យើង ពេលនេះ។ ខ្ញុំសង្ឃឹមថា ជំនួបបន្ទាប់ទៀត នឹងកើតមានឡើង នៅប្រទេសរុស្ស៉ី គឺនៅទីក្រុងមូស្គូ»។ កាលពីខែកញ្ញា ឆ្នាំមុន លោក គីម ក៏ធ្លាប់បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសរុស្ស៉ី ហើយជួបលោក ពូទីន ផងដែរ ប៉ុន្តែទស្សនកិច្ចនាពេលនោះ ត្រូវបានធ្វើឡើង នៅឯតំបន់ចុងបូព៌ារបស់រុស្ស៉ី។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង បានក្លាយជាអ្នកគាំទ្រដ៏ធំបំផុតមួយ របស់ទីក្រុងមូស្គូ អំឡុងសង្រ្គាមនៅអ៊ុយក្រែន តាមរយៈការផ្តល់សំឡេងគាំទ្រ ដល់ការឈ្លានពានរបស់រុស្ស៉ី និងការពង្រឹងចំណងទាក់ទងការពារជាតិ។ ភាពកាន់តែស្និទ្ធស្នាល់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ បានបង្កក្តីព្រួយបារម្ភ ក្នុងចំណោមក្រុមប្រទេសលោកខាងលិច ដែលជឿថា រុស្ស៉ីបាននិងកំពុងប្រើប្រាស់អាវុធរបស់កូរ៉េខាងជើង នៅលើ​សមរភូមិអ៊ុយក្រែន៕