(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានធានាថារដ្ឋបាលលោក បៃដិន បាននិងកំពុងធ្វើការដើម្បីដកចេញនូវការដាក់កំហិត មិនឱ្យបញ្ជូនអាវុធប្រភេទខ្លះមកកាន់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០២៤។

លោក Netanyahu និយាយថា នៅពេលដែលលោកបានជួប លោក Blinken ក្នុងប្រទេសអ៉ីស្រាអែល កាលពីសប្តាហ៍មុន លោក Blinken បានប្រាប់រូបលោកថា «វាជារឿងនឹកស្មានមិនដល់» ដែលក្នុងរយៈពេលប៉ុន្មានខែកន្លងមក ទីក្រុងវ៉ាស៉ីនតោន ផ្អាកបញ្ជូនអាវុធ និងគ្រាប់រំសេវដល់អ៉ីស្រាអែល។ លោក Netanyahu បានបញ្ជាក់ថា «អ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក កំពុងប្រយុទ្ធដើម្បីអាយុជីវិត ប្រយុទ្ធប្រឆាំងនឹងអ៉ីរ៉ង់ ក៏ដូចជាសត្រូវរួមរបស់យើង ហើយលោក Blinken បានធានាថា រដ្ឋបាលកំពុងធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីលុបបំបាត់ការរាំងស្ទះបែបនេះ»

គួរបញ្ជាក់ថា នេះជាការលាតត្រដាងដ៏កម្រពីកិច្ចសន្ទនាការទូតកម្រិតខ្ពស់លក្ខណៈឯកជន និងជាអ្វីដែលប្រមុខការទូតកំពូលអាមេរិក បដិសេធធ្វើការអត្ថាធិប្បាយ។ រដ្ឋបាល លោក បៃដិន កាលពីខែឧសភា បានផ្អាកការដឹកជញ្ជូនគ្រាប់បែកទៅឱ្យអ៉ីស្រាអែល ដោយសារក្តីបារម្ភអំពីផលប៉ះពាល់ដែលអាចមានកើតមាន សម្រាប់តំបន់ដែលមានប្រជាជនរស់នៅច្រើន ជុំវិញសង្រ្គាមក្នុងតំបន់ហ្កាហ្សា៕