(ញូវដែលី)៖ កាសែតក្នុងស្រុកបានរាយការណ៍នៅថ្ងៃពុធនេះថា រលកកំដៅដ៏ខ្លាំងក្លាបណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត ក្នុងរដ្ឋធានី New Delhi ប្រទេសឥណ្ឌា នៅសប្តាហ៍នេះ ហើយអាកាសធាតុនៅពេលយប់ មានលក្ខណៈក្តៅខ្លាំងបំផុតមិនធ្លាប់មានរយៈពេល ៦ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០២៤។

ករណីស្លាប់ដោយសារតែអាកាធាតុក្តៅនេះ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ ពីមន្ទីរពេទ្យនានាក្នុងទីក្រុង New Delhi ដែលមានប្រជាជនជាង ២០លាននាក់រស់នៅ និងជាកន្លែងដែលបញ្ហាខ្វះខាតទឹកប្រើប្រាស់កាន់តែធ្ងន់ធ្ងរទៅ។ រីឯ ការប្រើប្រាស់ ថាមពលមានកម្រិតខ្ពស់ ទាំងនៅពេលយប់ និងពេលថ្ងៃ កាលពីថ្ងៃអង្គារ ខណៈដែលសីតុណ្ហភាពនៅពេលយប់ មានកម្រិត ៣៨អង្សាសេ។ ចាប់តាំងពីខែមីនាមក សីតុណ្ហភាពក្នុងប្រទេសឥណ្ឌា បានឡើងដល់កម្រិត ៥០អង្សាសេក្នុងទីក្រុង Delhi និងតំបន់ជាប់ទីក្រុង គឺរដ្ឋ Rajasthan ខណៈដែលចំនួនថ្ងៃដែលមានអាកាសធាតុក្តៅ ត្រូវបានកត់ត្រាថា មានចំនួនច្រើនជាងធម្មតាដល់ទៅ ២ដង សម្រាប់រដូវកាលនេះ នៅភាគពាយព្យ និងភាគខាងកើតប្រទេស។

គួរបញ្ជាក់ថា មនុស្សរាប់ពាន់លាននាក់ នៅទូទាំងតំបន់អាស៉ី កំពុងប្រឈមមុខនឹងកំដៅខ្លាំងនៅក្នុងរដូវក្តៅនេះ ដោយអ្នកវិទ្យាសាស្ត្រ និយាយថា មានលក្ខខណ្ឌអាកាធាតុកាន់តែអាក្រក់ទៅៗ ព្រោះតែការប្រែប្រួលអាកាសធាតុ ដែលជំរុញដោយមនុស្ស៕