(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ​បានចុះហត្ថលេខាលើ «សន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ក្រោយកិច្ចពិភាក្សារវាងអ្នកទាំងពីរ នៅទីក្រុងព្យុងយ៉ាង នាថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤។

មុនការចុះហត្ថលេខា លោក ពូទីន ផ្ទាល់ ក៏បានបង្ហើបដែរថា ប្រទេសទាំងពីរ បានត្រៀមឯកសារគោលថ្មីមួយ ដែលនឹងបង្កើតមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងទ្វេភាគី សម្រាប់រយៈវែង ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតជាងនេះទៀតឡើយ។ ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA Novosti ដោយផ្អែកលើប្រភពពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួន បានរាយការណ៍ថា រុស្ស៉ីនិងកូរ៉េខាងជើង បានចុះសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ថា បើតាមការលើកឡើងរបស់វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សន្ធិសញ្ញាខាងលើ នឹងជំនួសឯកសារក៏ដូចជា​សេចក្តីប្រកាសទ្វេភាគីកន្លងមក ដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ១៩៦១ ឆ្នាំ២០០០ និងឆ្នាំ២០០១។ ទីក្រុងព្យុងយ៉ាង បានក្លាយជាអ្នកគាំទ្រដ៏ធំបំផុតមួយ របស់ទីក្រុងមូស្គូ អំឡុងសង្រ្គាមនៅអ៊ុយក្រែន តាមរយៈការផ្តល់សំឡេងគាំទ្រដល់ការឈ្លានពានរបស់រុស្ស៉ី និងការពង្រឹងចំណងទាក់ទងការពារជាតិ។ ភាពកាន់តែស្និទ្ធស្នាល នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ បានបង្កក្តីព្រួយបារម្ភ ក្នុងចំណោមក្រុមប្រទេសលោកខាងលិច ដែលជឿថា រុស្ស៉ីបាននិងកំពុងប្រើប្រាស់ អាវុធរបស់កូរ៉េខាងជើង លើ​សមរភូមិនៅអ៊ុយក្រែន៕