(ស្ដុកខុល)៖ ក្បាលគ្រាប់នុយក្លេអ៊ែ័រដែលបំពាក់លើអាវុធមីស៊ីល ត្រូវគេរាយការណ៍ថាមានចំនួនកាន់តែកើនឡើង។ ក្រុម ThinkTank នៃវិទ្យាសាស្ត្រ SIPRI ក្នុងប្រទេសស៊ុយអែត បានឱ្យដឹងថាគិតត្រឹម ខែមករា ឆ្នាំ២០២៤ ឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែ័រសរុបទូទាំងពិភពលោកត្រូវបានប៉ាន់ប្រមាណថាមានចំនួន១ម៉ឺន២ពាន់១២១ក្បាលគ្រាប់ ដែលចំនួននេះអាចរំលាយពិភពលោកបានយ៉ាងស្រួល។

នៅពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងខ្វល់ខ្វាយខ្លាំងលើការរៀបចំប្រទេស ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែ័រហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ ការត្រៀមទប់ទល់រវាងគ្នាទៅវិញទៅមក។

របាយការណ៍ថ្មីមួយបានរកឃើញថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរបច្ចុប្បន្ន កំពុងពង្រឹងឃ្លាំងអាវុធរបស់ពួកគេ ខណៈប្រទេសមួយចំនួនទៀតក៏បានរៀបចំប្រព័ន្ធបំពាក់អាវុធនុយក្លេអ៊ែរ ឬប្រព័ន្ធបង្កើន សមត្ថភាពនុយក្លេអ៊ែរថ្មី ក្នុងរង្វង់ស្ថានការណ៍ដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរបស់ពិភពលោកកាន់តែកើនឡើង។ ស៊ីអិនអិន បានដកស្រង់ប្រភពពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) របស់ប្រទេសស៊ុយអែត ដែលរាយការណ៍ថាប្រទេសចំនួន៩ដែលមាននុយក្លេអ៊ែ័ររួមមានសហរដ្ឋអាមេរិក រុស្ស៊ី ចក្រភពអង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង និងអ៊ីស្រាអែល បានបន្តធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ពួកគេ។ គេបានមើលឃើញប្រទេសចិនជាលើកដំបូង បានដាក់ពង្រាយមីស៊ីលដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ័រក្នុង «ចំនួនតិចតួច» ក្នុងអម្លុងពេល ដែលពិភពលោកកំពុងតែបារម្ភនឹងការផ្ទុះសង្គ្រាមខណៈសង្គ្រាម២កើតឡើងមកនេះកំពុងតែបារម្ភទាញទៅរកការរាលដាលឆេះក្នុងតំបន់និងពិភពលោក។

***តើគេបង្កើតក្បាលគ្រាប់នុយក្លេអ៊ែ័រដើម្បីអ្វី?

នាយកវិទ្យាស្ថាន SIPRI លោក Dan Smith បាននិយាយថា «ក្នុងពេលដែលចំនួនសរុបនៃក្បាលគ្រាប់នុយក្លេអ៊ែររបស់ពិភពលោកបានបន្តធ្លាក់ក្នុងយុគសម័យអាវុធនៃសង្គ្រាមត្រជាក់ ដោយការធ្វើឱ្យអស់ បន្តិចម្តងៗនោះ ស្រាប់តែវាក្លាយជារឿងគួរឱ្យសោកស្តាយ នៅពេលបានឃើញចំនួនក្បាលគ្រាប់នុយក្លេអ៊ែ័រពេលនេះ បែរជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំទៅវិញ»។ លោក Dan Smith បានថ្លែងបន្តថា «និន្នាការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែ័រនេះហាក់ដូចជានឹងបន្ត ហើយប្រហែលជាវានឹងកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខនេះទៀត និងជារឿងគួរឱ្យព្រួយបារម្ភយ៉ាងក្រែលែង»។ ក្នុងពេលចាប់ផ្តើមដំបូងក្នុង ឆ្នាំ២០១៣ មានតែប្រទេសចំនួន៨ប៉ុណ្ណោះដែលមានអាវុធនុយក្លេអ៊ែ័រដែលបូកសារុបពេលនោះមានចំនួន៤ពាន់៤០០ក្បាលគ្រាប់ដែលអាចប្រើប្រាស់បាន។ ក្នុងចំណោមក្បាលគ្រាប់ទាំងនោះ គឺមានជិត ២ពាន់គ្រាប់តែប៉ុណ្ណោះដែលគេបានដាក់ត្រៀមរក្សាក្នុងស្ថានភាពត្រៀមប្រតិបត្តិការខ្ពស់។ ប៉ុន្តែបើធៀបមកទល់បច្ចុប្បន្ន តួលេខមានការខុស គ្នាទាំងស្រុង។

យោងតាម SIPRI, នៅក្នុងខែមករា ឆ្នាំ២០២៤ ឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែ័រសរុបទូទាំងពិភពលោកត្រូវបានប៉ាន់ប្រមាណថាមានចំនួន១ម៉ឺន២ពាន់១២១ក្បាលគ្រាប់ ក្នុងនោះប្រមាណ ៩ពាន់៥៨៥ ក្បាលគ្រាប់ ស្ថិតនៅក្នុងឃ្លាំងយោធាសម្រាប់ការប្រើប្រាស់ជាសក្តានុពល។ វិទ្យាស្ថាន SIPRI ដដែលបានវាយតម្លៃទៀតថាមានក្បាលគ្រាប់ចំនួន ៣ពាន់៩០៤គ្រាប់ក្នុង ចំណោមក្បាលគ្រាប់ទាំងនោះ ត្រូវបានដាក់ពង្រាយជាមួយនឹងអាវុធមីស៊ីលនិងតាមយន្តហោះ ដែលចំនួននេះមានច្រើនជាងឆ្នាំមុនបើគិតត្រឹមខែមករា ឆ្នាំ២០២៣ ដោយក្បាលគ្រាប់ដែលត្រូវបានដាក់ពង្រាយនោះ មានលើស៦០គ្រាប់។

វិទ្យាស្ថាន SIPRI ដដែលបាននិយាយថា ក្បាលគ្រាប់ភាគច្រើនប្រមាណ ២ពាន់១០០គ្រាប់ ត្រូវបានដាក់ពង្រាយនៅក្នុងស្ថានភាពប្រុងប្រយ័ត្នប្រតិបត្តិការកម្រិតខ្ពស់លើគ្រាប់មីស៊ីលបាលីស្ទីក។ ខណៈក្បាល គ្រាប់ស្ទើរតែទាំងអស់បំពាក់លើមីស៊ីលបាលីស្ទីកនោះជារបស់សហរដ្ឋអាមេរិក និងរុស្ស៊ីក៏ពិតមៃន ប៉ុន្តែវាក៏ជាលើកដំបូងដែរដែលប្រទេសចិនត្រូវគេជឿថាក៏មានក្បាលគ្រាប់បំពាក់លើអាវុធមីស៊ីលបាលីស្ទីក របស់ខ្លួនផងដែរ ក្នុងលក្ខណៈត្រៀមជើងការប្រុងប្រយ័ត្នប្រតិបត្តិការកម្រិតខ្ពស់ដូចគ្នា។ វិទ្យាស្ថាន SIPRI បានថ្លែងបន្តទៀតថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិករួមគ្នាគឺជាប្រទេសដែលធ្វើកម្មសិទ្ធិជិត ៩០ភាគរយនៃអាវុធនុយក្លេអ៊ែ័រទាំងអស់ ហើយចំនួនក្បាលគ្រាប់អាចប្រើប្រាស់បានដែលប្រទេសទាំង២មាននៅក្នុងឆ្នាំ២០២៣ គឺជាប្រភេទក្បាលគ្រាប់ដែលអាចប្រើប្រាស់បានភាគច្រើនបំផុត។

វិទ្យាស្ថាន SIPRI បានសរសេរថា «តម្លាភាពទាក់ទងនឹងកងកម្លាំងនុយក្លេអ៊ែររវាងប្រទេសទាំង២ត្រូវបានធ្លាក់ចុះបន្ទាប់ពីមានការឈ្លានពានពេញលេញរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុង ខែកុម្ភៈឆ្នាំ២០២២ ហើយការពិភាក្សាជុំវិញការរៀបចំចែករំលែកព័ត៌មាននុយក្លេអ៊ែរ ត្រូវបានគេមើលឃើញនូវភាពកើនឡើងយ៉ាងច្បាស់លាស់»។ រុស្ស៊ីត្រូវបានគេប៉ាន់ប្រមាណថាបានដាក់ពង្រាយក្បាលគ្រាប់ចំនួន៣៦ ជាមួយនឹងកម្លាំងប្រតិបត្តិការជាបន្ថែមទៀតដែលច្រើនជាងក្នុងខែមករា ឆ្នាំ២០២៣។ វិទ្យាស្ថានដដែលបាននិយាយថា ទោះបីជាមានការអះអាងជាសាធារណៈនៅក្នុងឆ្នាំ២០២៣ ថារុស្ស៊ីបានដាក់ពង្រាយ អាវុធនុយក្លេអ៊ែរនៅលើទឹកដីបេឡារុស្សក៏ដោយ ប៉ុន្តែក៏ «មិនមានភស្តុតាងជាក់ស្តែងណាមួយដែលថាការដាក់ពង្រាយក្បាលគ្រាប់ពិតបានកើតឡើងនោះទេ។»

*****វិទ្យាស្ថាន SIPRI ចាប់អារម្មណ៍ភាពជឿនលឿនរបស់ចិននិងកូរ៉េខាងជើង ក្នុងការបង្កើតក្បាលគ្រាប់អាវុធនុយក្លេអ៊ែ័រ

ចំនួនក្បាលអាវុធនុយក្លេអ៊ែររបស់ចិន ត្រូវបានគេប៉ាន់ប្រមាណថាបានកើនឡើងពី៤១០ក្បាលគ្រាប់ក្នុងខែមករាឆ្នាំ២០២៣ ដល់៥០០គ្រាប់នៅខែមករា ឆ្នាំ២០២៤ ហើយចំនួននេះ ត្រូវគេរំពឹងថានឹង បន្តកើនឡើងថែមទៀត។ វិទ្យាស្ថាន SIPRI បាននិយាយថា «ប្រទេសចិនមានការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន លឿនជាងប្រទេសដទៃទៀត»។ ប្រទេសចិនអាចមានសក្តានុពលខ្លាំងផ្នែកប្រភេទ មីស៊ីលឆ្លងទ្វីប ICBMs ដូចនឹងប្រទេសរុស្ស៊ី ឬសហរដ្ឋអាមេរិកដែរនៅចុងទសវត្សរ៍នេះ ប៉ុន្តែឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងប៉េកាំងត្រូវគេរំពឹងថានឹងនៅមានលក្ខណៈតូចជាងប្រទេស ទាំង២រុស្ស៊ី និងសហរដ្ឋអាមេរិកនៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយប្រទេសស្ទើរតែទាំងអស់ដែលមានអាវុធនុយក្លេអ៊ែ័រ សុទ្ធតែមានផែនការរៀងៗខ្លួន និងផែនការជំរុញបង្កើនកងកម្លាំងនុយក្លេអ៊ែ័រដែលធ្វើឱ្យពិភពលោកកាន់តែរំកិលកៀកជិតនឹង ទីអវសាន បើសិនជាការផ្ទុះអាវុធនុយក្លេអ៊ែ័រព្រមគ្នាលើសកលលោកនេះមែននោះ។ វិទ្យាស្ថាន SIPRI បាននិយាយមកដល់ប្រទេសកូរ៉េខាងជើងថែមទៀត។ វិទ្យាស្ថាននេះបាននិយាយថាកម្មវិធីនុយក្លេអ៊ែរ យោធារបស់កូរ៉េខាងជើងនៅតែជាផ្នែកសំខាន់នៃសសរទ្រូងយុទ្ធសាស្ត្រសន្តិសុខជាតិ។ កូរ៉េខាងជើង អាចមានក្បាលគ្រាប់នុយក្លេអ៊ែ័រចំនួន៥០គ្រាប់ និងមានសម្ភារៈនិងសារធាតុផ្សំគ្រប់គ្រាន់ដែលអាច ឈានដល់ការផលិតក្បាលគ្រាប់បានចំនួន៩០គ្រាប់។ ចំនួននេះគឺជាចំនួនដែលមានការកើនឡើងគួរឱ្យកត់សម្គាល់លើសពីការប៉ាន់ស្មាន ដែលមានកាលខែមករា ឆ្នាំ២០២៣។ នៅឆ្នាំ២០២៣ កូរ៉េខាងជើង បានបង្ហាញនូវការធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយខ្លី ជាលើកដំបូងរបស់ខ្លួនពីជើងទំរ ហើយបានបញ្ចប់ការអភិវឌ្ឍន៍យ៉ាងតិចនូវពីរប្រភេទមីស៊ីលវាយប្រហារនៅលើដីគោកLand-Attack Cruise Missile LACM ដែលអាវុធនេះត្រូវបានរចនាឡើង ដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ័រ។ សាស្ត្រាចារ្យលោកMatt Korda នៃវិទ្យាស្ថាន SIPRI ដែលសិក្សាលើកម្មវិធីអាវុធប្រល័យលោកបាននិយាយថា «កូរ៉េខាងជើង ក៏ដូចជាបណ្តារដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀតដែរ គឺកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន»។ លោកបានថ្លែង បន្តថា ប៉ុន្តែអ្វីដែលធ្វើឱ្យ «មានការព្រួយបារម្ភកាន់តែខ្លាំង ឡើងនោះគឺថា កូរ៉េខាងជើងអាចនឹងមានបំណងប្រើអាវុធទាំងនេះ នៅមុននឹងមានជម្លោះមួយដែលកើតឡើង»។

**** សង្គ្រាមធ្វើឱ្យការទូតចុះខ្សោយ

ក្រុម Think Tank នៃវិទ្យាស្ថាន SIPRI បាននិយាយថា សង្គ្រាមនៅអ៊ុយក្រែន និងហ្គាហ្សាបាន ធ្វើឱ្យទំនាក់ទំនងនយោបាយការទូតនុយក្លេអ៊ែរ បានចុះខ្សោយនៅលើឆាកពិភពលោក។ នៅក្នុងឆ្នាំ២០២៣, រុស្ស៊ីបានផ្អាកមិនចូលរួមក្នុងសន្ធិសញ្ញាស្តីពីវិធានការកំណត់ និងកាត់បន្ថយនៃអាវុធវាយលុកជាយុទ្ធសាស្ត្រ (New START) ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធ នុយក្លេអ៊ែរចុងក្រោយដែលកំណត់កម្លាំង នុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីនិងអាមេរិក។ នៅក្នុងការឆ្លើយតបទៅវិញនោះ សហរដ្ឋអាមេរិកក៏បានបញ្ឈប់ការចែករំលែកទិន្នន័យរបស់ខ្លួនផងដែរ។ SIPRI បាននិយាយថា រដ្ឋាភិបាលក្រុងម៉ូស្គូបានបន្ត ធ្វើការគំរាមកំហែងពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងពេលដែលប្រទេសលោកខាងលិចបានផ្តល់ជំនួយដល់អ៊ុយក្រែន។ ហើយនៅក្នុងខែឧសភាឆ្នាំ២០២៤ រុស្ស៊ីបានធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ តាក់ទិក របស់ខ្លួននៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន។ នាយកកម្មវិធីអាវុធប្រល័យលោករបស់វិទ្យាស្ថាន SIPRI លោក Wilfred Wan បាននិយាយថា «យើងមិនដែលបានឃើញអាវុធនុយក្លេអ៊ែរដើរតួនាទី ដ៏លេចធ្លោបែបនេះឡើយនៅក្នុងទំនាក់ទំនងអន្តរជាតិចាប់តាំងពីសង្គ្រាមត្រជាក់មក»។ លោកបាននិយាយថា «វាពិបាកនឹងជឿថា ត្រឹមតែរយៈពេល២ឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីមេដឹកនាំនៃប្រទេស ទាំង ៥ ដែលមានអាវុធនុយក្លេអ៊ែ័រដ៏ធំបង្អស់របស់ពិភពលោកធ្លាប់បាននិយាយអះអាងរួមគ្នាថា «សង្គ្រាមនុយក្លេអ៊ែរ មិនអាចមានអ្នកឈ្នះបានឡើយ ហើយគេមិនត្រូវឱ្យសង្គ្រាមនោះបានកើតឡើងទេ»។

វិទ្យាស្ថាន SIPRI បានមើលឃើញទៀតថាកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងអាមេរិកក្នុងខែមិថុនា ឆ្នាំ២០២៣កន្លងមក «ហាក់ដូចជាកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរជាបណ្ដោះអាសន្ន» ទៅហើយ ប៉ុន្តែការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅក្នុងខែតុលា ឆ្នាំ២០២៣ «បានធ្វើឱ្យកិច្ចព្រមព្រៀងនេះក្រឡាប់ចាក់ជាមួយនឹងការវាយប្រហារដោយក្រុមតំណាង Proxy ដែលអ៊ីរ៉ង់គាំទ្រ វាយប្រហារដាក់លើកងកម្លាំងអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរីដែលកត្តានោះបានបញ្ចប់នូវកិច្ចព្រមព្រៀងការទូតអាមេរិកនិងអ៊ីរ៉ង់អស់រលីង»។ វិទ្យាស្ថាន SIPRI បាននិយាយចុងក្រោយថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសក៏បាន «ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង» ដើម្បីនាំអ៊ីស្រាអែលចូលរួម នៅក្នុងសន្និសីទស្តីពីការបង្កើតតំបន់មជ្ឈិមបូព៌ា ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកផ្សេងទៀត» ផងដែរ។ គិតត្រឹមឆ្នាំ២០២៤ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែ័រដែលគេបានផលិតមាន ចំនួន១ម៉ឺន២ពាន់ ១២១ក្បាលគ្រាប់ទៅហើយ។

ក្រុមអ្នកវិទ្យាសាស្ត្របានថ្លែងចំនួននេះបើសិនជាផ្ទុះឡើងព្រមគ្នា ការធ្វើសង្គ្រាមក្នុងពិភពលោកនេះ គឺគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ឡើយ។ មនុស្សទាំងអស់នឹងរំពឹងរងការស្លាប់ និងរងគ្រោះថ្នាក់ទាំងអស់, ទាំងប្រទេសមានឬគ្មានជម្លោះទាំងឡាយ ក្នុងនោះមនុស្សមួយចំនួនធំនៃប្រទេសគោលដៅបំផ្លាញរបស់គ្រាប់នុយក្លេអ៊ែ័រនឹងត្រូវស្លាប់ និងរងគ្រោះថ្នាក់ខ្លាំងក្លាជាងគេបង្អស់។ បន្ទាប់មកមនុស្សនឹងអាចបន្ត ស្លាប់ដោយសារតែគ្រោះទុរ្ភិក្ស, មនុស្សមួយចំនួន អាចនឹងរស់ ក្នុងសភាពរងគ្រោះថ្នាក់ដោយសារការសាយភាពជាតិវិទ្យុសកម្ម, មនុស្សនឹងអាចរស់ក្នុងសុខ ភាពលំបាក…ហើយបើសិនជាមានហេតុការណ៍ នោះកើតឡើងមែន ភាពសោកស្តាយដែលមិនអាចបញ្ឈប់ឬរារាំងការផលិតក្បាលគ្រាប់នុយក្លេអែ័របានទាន់ពេលវេលានោះបានដើរ ហួសផុតទៅហើយ។ គេមិនត្រូវបណ្តោយឱ្យស្ថានការណ៍ គ្រោះថ្នាក់ពិភពលោកនេះអាចកើតឡើងបានឡើយ៕