(ម៉ានីល)៖ អនុប្រធានាធិបតីហ្វីលីពីន អ្នកស្រី Sara Duterte បានស្នើសុំលាលែងពីតួនាទីជារដ្ឋមន្រ្តីអប់រំ និងអនុប្រធាន​ក្រុម​នៃអង្គភាពប្រឆាំងចលនាឧទ្ទាម នៅថ្ងៃពុធនេះ ជាសញ្ញាថ្មីចុងក្រោយដែលបង្ហាញថា សម្ព័ន្ធភាពរបស់អ្នកស្រី ជាមួយប្រធានាធិបតី លោក Ferdinand Marcos Jr កំពុងជួបភាពប្រេះឆា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០២៤។

លោក Marcos បានទទួលយកសំណើរបស់អ្នកស្រី Sara Duterte ដែលត្រូវជាកូនស្រីច្បងរបស់ លោក Rodrigo Duterte អតីតប្រធានាធិបតី ហើយអរគុណអ្នកស្រី ចំពោះការបំពេញតួនាទីកន្លងមក។ នេះបើតាមលេខារបស់ប្រធានាធិបតី គឺលោកស្រី Cheloy Garafil បានបន្ថែមថា អនុប្រធានាធិបតី មិនបានផ្តល់ហេតុផលជុំវិញការសុំលាលែងពីតួនាទីនេះទេ។ ក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ អ្នកស្រី Duterte និយាយថា ការសុំលាលែងពីតួនាទីរបស់អ្នកស្រី មិនមែនដោយសារតែ ភាពទន់ខ្សោយនោះទេ ប៉ុន្តែដោយសារតែការព្រួយបារម្ភពិតប្រាកដ ចំពោះគ្រូបង្រៀន និងយុវជន។

គួរបញ្ជាក់ថា លោក Marcos និងគ្រួសារ Duterte បានចូលរួមគ្នាជាកម្លាំងក្នុងឆ្នាំ ២០២២ ជាមួយនិងវត្តមានអ្នកស្រី Sara Duterte កាន់តំណែងជាអនុប្រធានាធិបតីរបស់ លោក Marcos។ នៅហ្វីលីពីន ប្រធានាធីបតី និងអនុប្រធានាធិបតី ត្រូវបានធ្វើការជ្រើសរើស ក្នុងការបោះឆ្នោតដាច់ដោយឡែកពីគ្នា៕