(ប៉េកាំង)៖ ព្រឹកថ្ងៃទី ១៨ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិននិងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលនៃនាយកប្រតិបតិ្តមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិន-អូស្ត្រាលីលើកទី ៧ នៅទីក្រុង Perth ព្រមទាំងថ្លែងសុន្ទរកថា។

ថ្លែងក្នុងសុន្ទរកថា លោក Li Qiang បានលើកឡើងថា ឧត្តមភាពផ្នែកសេដ្ឋកិច្ចចិននិងអូស្ត្រាលីមានការបំពេញបន្ថែមគ្នាទៅវិញទៅមក ពោលគឺជាដៃគូសហប្រតិបត្តិការ ដ៏សំខាន់។ កិច្ចសហប្រតិបត្តិការរវាងចិននិងអូស្ត្រាលី មានអនាគតយ៉ាងទូលំទូលាយ ដែលជាកម្លាំងដ៏សំខាន់សម្រាប់លំនឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្មនិងជំរុញកំណើនសេដ្ឋកិច្ច ។ លោករំពឹងថា សហគ្រិននៃប្រទេសទាំងពីរ នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី ខិតខំត្រួសត្រាយវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកជាកម្លាំងចលករ ក្នុងការជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើ វិស័យដ៏ទូលំទូលាយរវាងចិននិងអូស្ត្រាលី។

លោក Anthony Albanese បានលើកឡើងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ហើយការអភិវឌ្ឍរបស់ចិន បាននាំមកនូវឱកាសអភិវឌ្ឍន៍ថ្មី ដល់ប្រទេសអូស្ត្រាលី។ អូស្ត្រាលីមានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ក្នុងវិស័យដូចជា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម សារធាតុរ៉ែ នវានុវត្តន៍ ការគាំពារស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្ម និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាដើម ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏ដូចជាផ្តល់ផលប្រយោជន៍ និងសុខសុភមង្គលជូនដល់ ប្រជាជននៃប្រទេសទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន