(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបាននិយាយនៅថ្ងៃពុធនេះថា លោក Dinh Tien Dung ប្រធានគណបក្សនៃរដ្ឋធានីហាណូយរបស់វៀតណាម បានលាលែងពីតំណែង ដែលជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់បានចាកចេញពីតំណែង ខណៈដែលគណបក្សកុម្មុយនិស្តវៀតណាម កំពុងធ្វើការផ្លាស់ប្តូរដ៏ធំមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៤។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Dung អាយុ ៦៣ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ត្រូវបានរកឃើញថាមានទំនួលខុសត្រូវចំពោះការរំលោភបំពាន ដែលបានប្រព្រឹត្តនៅក្នុងក្រសួងហិរញ្ញវត្ថុ ក្នុងអំឡុងពេលឆ្នាំ ២០១៦-២០២១។

លោក Dung គឺជាសមាជិកនៃការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ប៉ុន្តែវាមិនទាន់ច្បាស់ថា លោកនឹងត្រូវបណ្តេញចេញពីការិយាល័យនយោបាយដែរឬយ៉ាងណានោះទេ ខណៈដែលការិយាល័យនយោបាយនេះ បានមើកឃើញសមាជិករបស់ខ្លួនចំនួនប្រាំមួយរូបមកហើយ ដែលបានចាកចេញចាប់តាំងពីចុងឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា ក្រសួងហិរញ្ញវត្ថុក្នុងអាណត្តិឆ្នាំ ២០១៦-២០២១ បានបរាជ័យក្នុងការគ្រប់គ្រងការចេញ និងជួញដូរមូលបត្រសាជីវកម្មមួយចំនួនឱ្យបានត្រឹមត្រូវ ខណៈដែលមន្ត្រីក្រសួងមួយចំនួនបានបំពានច្បាប់គណបក្ស។

សេចក្តីថ្លែងការណ៍បានបន្តថា «ការរំលោភបំពាន និងចំណុចខ្វះខាតរបស់ក្រសួងសម្រាប់អាណត្តិឆ្នាំ ២០១៦-២០២១ បានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ និងមិនអាចជួសជុលបាន ដែលនាំទៅដល់ការខាតបង់យ៉ាងសំខាន់ចំពោះថវិការដ្ឋ និងធ្វើឱ្យវិនិយោគិនមូលបត្ររងការឈឺចាប់»។

គួរជម្រាបថា ការលាលែងពីតំណែងនេះគឺជាការផ្លាស់ប្តូរថ្នាក់ដឹកនាំចុងក្រោយបង្អស់នៅក្នុងបក្សកុម្មុយនិស្តវៀតណាម ចាប់តាំងពីចុងឆ្នាំ២០២២ មក។ ការផ្លាស់ប្តូរទាំងនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការបង្ក្រាបអំពើពុករលួយ និងការរៀបចំរចនាសម្ព័ន្ធអំណាចឡើងវិញ៕