(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិភាគជាច្រើនបានអះអាងជារឿយៗថាសង្រ្គាមណាមួយនៅលើកោះតៃវ៉ាន់ អាចនឹងផ្សារភ្ជាប់ទៅនឹងជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ ដែនសមុទ្រ និងសន្តិសុខនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិភាគមួយចំនួនក៏បានធ្វើការសន្និដ្ឋានដែរថា បើជម្លោះរបៀបនេះផ្ទុះឡើង នោះបណ្ដាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកំពុងមានជម្លោះដែនទឹកជាមួយចិន អាចនឹងគាំទ្រឱ្យសហរដ្ឋអាមេរិកធ្វើសកម្មភាពប្រឆាំងនឹងចិន ដើម្បីការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិរបស់ពួកគេ។

ជាការពិតណាស់ លទ្ធភាពដែលសមុទ្រចិនខាងត្បូងក្លាយជាទីបញ្ជាការមួយសម្រាប់ប្រតិបត្តិការយោធា នៅក្នុងសង្រ្គាមតៃវ៉ាន់ គឺស្ថិតក្នុងកម្រិតខ្ពស់អាចទៅរួច។ សកម្មភាពយោធាអាចនឹងត្រូវធ្វើឡើងក្នុង តំបន់សមុទ្រចិនខាងត្បូង ប្រសិនបើចិនចាំបាច់ ឬចៀសមិនរួចត្រូវតែធ្វើប្រតិបត្តិការយោធាចេញពីមូលដ្ឋានរបស់ខ្លួននៅលើទីប្រជុំកោះ Paracel ឬ Spratly ឬក៏ចិនមានបំណងវាយដណ្ដើមកាន់កាប់កោះ Pratas ឬ កោះ Itu Aba ដែលសព្វថ្ងៃកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយកងកម្លាំងតៃវ៉ាន់។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ប្រហែលជានឹងមិនធ្វើសកម្មភាពកំណត់នៅត្រឹមតែកោះតៃវ៉ាន់ និងតំបន់ជុំវិញនោះដែរ។

តែទោះជាបែបនេះក្ដី បើគោលដៅសំខាន់បំផុតរបស់ទីក្រុងប៉េកាំងចំពោះតំបន់អាស៊ីអាគ្នេយ៍ អំឡុងសេណារីយ៉ូសង្រ្គាមតៃវ៉ាន់ គឺជាការធានាឱ្យបានថាបណ្ដាប្រទេសក្នុងតំបន់នេះស្ថិតនៅឱ្យឆ្ងាយ ពីជម្លោះ នោះវាមិនមែនផលប្រយោជន៍របស់ចិននោះទេ ដែលត្រូវបង្រួមសកម្មភាពយោធានៅតៃវ៉ាន់ ជាមួយជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង។ និយាយឱ្យងាយស្ដាប់ជាងនេះ វាមិនសមហេតុផលឡើយសម្រាប់ ប៉េកាំងក្នុងការប្រើប្រាស់កម្លាំងយោធាលើបណ្ដាប្រទេសជាគូជម្លោះទឹកដីជាមួយខ្លួន នៅសមុទ្រចិនខាងត្បូង ពីព្រោះវាមានតែធ្វើឱ្យចិនមានសត្រូវកាន់តែច្រើនឡើងប៉ុណ្ណោះ។ អ្វីដែលចិននឹងត្រូវផ្តោត គឺការយកឈ្នះលើសត្រូវរបស់ខ្លួន គឺយោធាតៃវ៉ាន់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។

មួយវិញទៀត ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន រួមទាំងប្រទេសមានជម្លោះទឹកដីជាមួយចិន ក៏ប្រហែលជាអាចនឹងជ្រើសរើសដកខ្លួននៅឱ្យឆ្ងាយពីសង្រ្គាមនៅតៃវ៉ាន់ផងដែរ។ តួយ៉ាង ការស្ទង់មតិ នាពេលកន្លងមក បានបង្ហាញថាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន នឹងមិនគាំទ្រការផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិននោះឡើយ បើទោះជាចិនប្រើកម្លាំងយោធាវាយតៃវ៉ាន់ក៏ដោយ។ លើសពីនេះទៅទៀត វាមានកម្លាំងជំរុញតិចតួចបំផុតឱ្យព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឬវៀតណាម ចាត់វិធានការយោធាប្រឆាំងនឹងចិនដោយឯតោភាគី វៀរលែងតែចិនប្រើកម្លាំងយោធាប្រឆាំងនឹងពួកគេ មុនតែប៉ុណ្ណោះ។ ប៉ុន្តែ នៅត្រង់ចំណុចនេះ ហ្វីលីពីនគឺជាករណីលើកលែងពិសេសមួយដាច់ដោយឡែក។

នៅក្នុងតំបន់សមុទ្រចិនខាងត្បូង តៃវ៉ាន់មានកងកម្លាំងយោធាឈរជើងនៅលើកោះ Pratas និងកោះ Itu Aba ហើយដែលនេះអាចនឹងបង្ខំឱ្យចិនត្រូវបើកសមរភូមិមួយ ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ចិនអាចនឹងបើកការវាយប្រហារលើកោះ Pratas ដោយប្រឹងធ្វើយ៉ាងណាកុំឱ្យបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចូលពាក់ព័ន្ធ។ កោះ Pratas ស្ថិតនៅក្បែរចិន និងនៅឆ្ងាយពីដែនទឹកស្ថិតក្រោមការគ្រប់គ្រង របស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលកំពុងមានជម្លោះទាមទារអធិបតេយ្យជាមួយចិន។ កោះមួយនេះទៀតសោតក៏មិនមែនជាដែនទឹកមានជម្លោះរវាងចិន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នោះដែរ។ តែផ្ទុយទៅវិញ កោះ Itu Aba ឯណោះទេដែលត្រូវបានហ៊ុមព័ទ្ធដោយដែនទឹកគ្រប់គ្រងដោយប្រទេសជាភាគីជម្លោះ ជាពិសេសដូចជាវៀតណាម និងហ្វីលីពីន។ បានន័យថាសកម្មភាពណាមួយរបស់ចិន ប្រឆាំងនឹងកោះ Itu Aba អាចនឹងជំរុញដោយចៃដន្យឱ្យប្រទេសទាំង២នេះលូកដៃចូលក្នុងជម្លោះ ក្នុងករណីចិនបណ្ដេញកម្លាំងរបស់ពួកគេ និងគ្រប់គ្រងតំបន់នៅជុំវិញ ជាការបើកផ្លូវវាយប្រហារលើកោះ Itu Aba។ តែក្នុងសេណារីយ៉ូបែបនេះ ចិននៅតែប្រថុយនឹងការខាតបង់ច្រើន ទោះជាកាន់កាប់បានកោះ Itu Aba ក៏ដោយ ព្រោះវាអាចនឹងធ្វើឱ្យហ្វីលីពីន និងវៀតណាមក្លាយជាសត្រូវពិតប្រាកដរបស់ចិន។ ម្លោះហើយ វាអាចទៅរួចថាចិននឹងដើរយ៉ាងប្រុងប្រយ័ត្ន នៅក្នុងការធ្វើប្រតិបត្តិការណាមួយប្រឆាំងនឹងកោះ Itu Aba ហើយព្យាយាមមិនបង្ករឿងជាមួយប្រទេសទាំងនេះឡើយ ដោយសង្ឃឹមថា ពួកគេនឹងដកខ្លួននៅឱ្យឆ្ងាយពីសង្រ្គាម ឬជម្លោះនៅតៃវ៉ាន់។

មែនទែនទៅ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏មានការព្រួយបារម្ភដែរថាប្រសិនបើពួកគេមិនចូលរួមប្រយុទ្ធប្រឆាំងនឹងចិនទេ ហើយបើចិនអាចយកឈ្នះលើសហរដ្ឋអាមេរិក និងតៃវ៉ាន់ នោះពួកគេអាចនឹង ក្លាយជាគោលដៅបន្ទាប់របស់ចិន។ ផ្អែកលើការយល់ឃើញបែបនេះ មើលទៅវាគឺជាឱកាសដ៏ល្អដែលពួកគេត្រូវក្ដាប់យកពីជម្លោះតៃវ៉ាន់ ដើម្បីប្រឆាំងចិនក្នុងតំបន់សមុទ្រចិនខាងត្បូង និងបន់ឱ្យអាមេរិក យកឈ្នះលើចិន។ ទឡ្ហី​ករណ៍នេះប្រហែលជាធ្វើឱ្យហ្វីលីពីនពេញចិត្តស្ដូក តែប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតអាចត្រូវដេកព្រួយទៅវិញ។ ដ្បិតការទាញយកប្រយោជន៍ពីសង្រ្គាម ឬជម្លោះនៅតៃវ៉ាន់ ក្នុងគោលបំណងបណ្ដេញចិនចេញពីសមុទ្រចិនខាងត្បូង អាចនឹងបង្កើតទៅជាគំនុំគុំកួនរយៈពេលវែងជាមួយចិន។ ពោលគឺមិនថាចិនឈ្នះ ឬចាញ់ក្នុងសង្រ្គាមនៅតៃវ៉ាន់ទេ ពួកគេអាចនឹងត្រូវប្រឈមមុខនឹង ផលវិបាកដែលកើតឡើងចេញពីការសងសឹករបស់ប៉េកាំង។ ដូច្នេះ ប្រទេសអាស៊ីគ្នេយ៍មួយចំនួនអាចនឹងជ្រើសរើសយកជម្រើសកាត់បន្ថយហានិភ័យ ដោយមិនយកផលប្រយោជន៍របស់ពួកគេទៅផ្ញើលើ ជម្លោះណាមួយនៅតៃវ៉ាន់ទេ។ រីឯប៉េកាំងវិញអាចនឹងបន្ទន់ឥរិយាបថរបស់ខ្លួននៅសមុទ្រចិនខាងត្បូងដែរ ដូចដែលអ្នកជំនាញខាងកិច្ចការសមុទ្រចិនខាងត្បូង លោក Andrew Chubb បានកត់សម្គាល់ថា «កាលណាភាពតានតឹងនៅតៃវ៉ាន់កាន់តែក្ដៅ ភាពតានតឹងនៅសមុទ្រចិនខាងត្បូងក៏អាចធូរស្រាលដែរ ដ្បិតប៉េកាំងអាចនឹងបញ្ជូនសារស្ងាត់ៗ ទៅកាន់បណ្ដាប្រទេសជាភាគីជម្លោះថាខ្លួនមានឆន្ទៈផ្ដល់ សម្បទាន ប្រសិនបើពួកគេនៅឱ្យឆ្ងាយពីជម្លោះនៅតៃវ៉ាន់។ តែផ្ទុយទៅវិញ បើពួកគេហ៊ានឆ្លៀតឱកាសពីស្ថានការណ៍នៅតៃវ៉ាន់ ប្រឆាំងនឹងចិន នោះពួកគេនឹងត្រូវប្រឈមមុខនឹងផលវិបាក។ ការបញ្ជូនសារ បែបនេះអាចនឹងធ្វើឱ្យបណ្ដាប្រទេសទាំងនោះគិតយ៉ាងហោច ២ដងដែរ មុននឹងហ៊ានកេងយកឱកាសពីជម្លោះនៅតៃវ៉ាន់ ដើម្បីរុញចិនចេញពីសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ដូចដែលលើកឡើងពីខាងលើ ក្នុងចំណោមប្រទេសជាភាគីជម្លោះក្នុងសមុទ្រចិនខាងត្បូង ហ្វីលីពីនគឺជាករណីពិសេសជាងគេ ដោយសារតែម៉ានីលជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញាយោធាជាមួយ សហរដ្ឋអាមេរិក កត្តាទីតាំងភូមិសាស្ត្រ មានទំនាក់ទំនងមិនសូវល្អជាមួយចិន និងកាន់តែសំខាន់គឺមូលដ្ឋានយោធាហ្វីលីពីនដែលកងទ័ពអាមេរិក អាចចូលប្រើប្រាស់ក្នុងករណីសង្រ្គាមតៃវ៉ាន់ផ្ទុះឡើង។ ក្រោម កិច្ចព្រមព្រៀងយោធា EDCA បង្កើតឡើងក្នុងឆ្នាំ២០១៤ ហ្វីលីពីនបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនចំនួន៤ ហើយបច្ចុប្បន្នហ្វីលីពីនបានអនុញ្ញាតឱ្យកងទ័ពអាមេរិកចូល ប្រើមូលដ្ឋានទ័ពរបស់ខ្លួន ៥បន្ថែមទៀត ក្នុងនោះរួមមានទាំងមូលដ្ឋានទ័ពនៅលើកោះ Luzon ដែលស្ថិតនៅកៀកនឹងតៃវ៉ាន់។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ធ្លាប់បាននិយាយថា ការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីន អាចនឹងមាន «ប្រយោជន៍» ប្រសិនបើចិនវាយប្រហារលើតៃវ៉ាន់។ លោកក៏បានទទួលស្គាល់ដែរថាប្រសិនបើសង្រ្គាម ឬជម្លោះនៅតៃវ៉ាន់ រាលដាល នោះវាមិនអាចទៅរួចទេដែលហ្វីលីពីនត្រូវកាន់ជំហរអព្យាក្រឹត។

នៅក្នុងការគិតរបស់ចិន វាជារឿងចៀសមិនរួចនោះទេដែលកងទ័ពអាមេរិក នឹងត្រូវប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីន ហើយប៉េកាំងត្រូវតែចាត់វិធានការយោធាឆ្លើយតប។ ប៉ុន្តែវិធានឆ្លើយតបដោយយោធា អាច នឹងអូសឱ្យហ្វីលីពីន និងចិនមានជម្លោះនឹងគ្នាដោយផ្ទាល់ ហើយប្រសិនបើជម្លោះដោយផ្ទាល់បែបនេះកើតឡើងពិតមែន នោះជម្លោះរវាងចិន និងហ្វីលីពីន អាចនឹងផ្សារភ្ជាប់ដោយផ្ទាល់ជាមួយវិបត្តិតៃវ៉ាន់៕