(ហ្ស៊េរុយសាឡិម)៖ អ្នកនាំពាក្យកងទ័ពអ៉ីស្រាអែល កាលពីថ្ងៃពុធ ទី១៩ ខែមិថុនាបាននិយាយថាក្រុមហាម៉ាសមិនអាចត្រូវបានកម្ទេចនោះទេ ដោយជំរុញឱ្យមាន ប្រតិកម្មភ្លាមៗពីរដ្ឋាភិបាលដែលទទូចថានៅតែមានការប្ដេជ្ញាចិត្តក្នុងការកម្ទេចរបស់ហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីស្រាអែល Channel 13 អ្នកនាំពាក្យកងទ័ពអ៉ីស្រាអែល លោក Daniel Hagari បានគូសបញ្ជាក់ដូច្នេះថា «និយយតាមត្រង់ទៅ ការធ្វើឱ្យហាម៉ាសរលាយបាត់ វាប្រៀបបានដូចជាការជះខ្សាច់ចូលភ្នែករបស់ប្រជាជន»។ លោកបន្ថែមថា «ហាម៉ាស គឺជាមនោគមន៍វិជ្ជាមួយ ហើយយើងមិនអាចកម្ទេច មនោគមន៍វិជ្ជាមួយនោះទេ។ បើយើងមិនមានវិធីសាស្ត្រផ្សេងទៀត នោះយើងនឹងនៅតែបានឃើញវត្តមានរបស់ហាម៉ាស»

ការអត្ថាធិប្បាយបែបនេះរបស់លោក Daniel Hagari បានបង្កឱ្យមានប្រតិកម្មភ្លាមៗពីការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលប្រកាន់ជំហរថានឹងបន្តធ្វើសង្រ្គាមក្នុងតំបន់ហ្កាហ្សា រហូតទាល់តែហាម៉ាសត្រូវបានកម្ទេច។ «គណៈរដ្ឋមន្ត្រីនយោបាយ និងសន្តិសុខដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី Netanyahu បានកំណត់យកការកម្ទេចសមត្ថភាពយោធា និងការដឹកនាំរបស់ក្រុមហាម៉ាស គឺជាគោលដៅអាទិភាព ហើយជាការពិតណាស់ IDF មានការប្ដេជ្ញាចិត្តចំពោះគោលដៅនេះ»។ នេះជាការអះអាងរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ក្នុងសេចក្ដីថ្លែងការណ៍មួយ។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាង ៨ខែនៃសង្រ្គាមមកនេះ អ៉ីស្រាអែលនៅមិនទាន់អាចកម្ទេចក្រុមហាម៉ាសបាននៅឡើយទេ ក្រៅតែពីការបង្កវិនាសកម្ម និងបណ្ដាលឱ្យ ជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់ស្លាប់៕