(ព្រុចសែល)៖ ក្រុមអ្នកការទូតនិយាយថា ប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប (EU) បានបរាជ័យក្នុងឯកភាពគ្នា ដើម្បីដាក់ចេញនូវកញ្ចប់ទណ្ឌកម្មទី ១៤ប្រឆាំងរុស្ស៉ី ខណៈអាល្លឺម៉ង់បន្តរារាំងការសម្រេចចិត្តរបស់ប្លុក ទោះបីជាមានការលុបចោលនូវចំណុចមួយ ដែលទីក្រុងបែរឡាំងរកឃើញថាមានបញ្ហាក៏ដោយ។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ ២០២៤។

ក្រុមមន្រ្តីមកពីសមាជិក EU ទាំង ២៧បានជជែកដេញដោលគ្នាជុំវិញកញ្ចប់ទណ្ឌកម្មទី១៤នេះ រយៈពេលជាងមួយខែមកហើយ។ វិធានការថ្មី រួមមានការហាមប្រាមលើ ការដឹកជញ្ជូនឆ្លងកាត់ឧស្ម័នធម្មជាតិ LNG របស់រុស្ស៉ី និងផែនការដើម្បីធ្វើឱ្យប្រតិបត្តិករសហភាពអឺរ៉ុប ជាអ្នកទទួលខុសត្រូវចំពោះការរំលោភទណ្ឌកម្មណាមួយ ពីសំណាក់ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន និងដៃគូនៅក្នុងប្រទេសទីបី។

ចំណុចដែលត្រូវបានដកចេញ នោះគឺជាការពង្រីកវិធានការដែលគេហៅថា «No Russia clause» ទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងប្រទេសទីបី។ ចំណុចនេះតម្រូវឱ្យ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ធ្វើកិច្ចសន្យាហាមឃាត់ការនាំចេញឡើងវិញទៅកាន់រុស្ស៉ី និងការនាំចេញឡើងវិញសម្រាប់ទំនិញប្រើប្រាស់នៅក្នុងប្រទេសរុស្ស៉ី។ បើតាមក្រុមអ្នកការទូត ការស្ទាក់ស្ទើររបស់អាល្លឺម៉ង់ កើតឡើងដោយសារតែមានភាពខ្វែងគំនិតផ្ទៃក្នុងរវាងក្រសួងការបរទេសរបស់ខ្លួន និងការិយាល័យអធិការបតី។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប បាននិងកំពុងបន្តបង្កើនការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ សម្រាប់ការឈ្លានពានអ៊ុយក្រែន គិតចាប់តាំងពីឆ្នាំ២០២២។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង របស់ខ្លួន កំពុងប៉ះទង្គិចដោយគេចពីទណ្ឌកម្មតាមរយៈប្រទេសទីបី ខណៈដែលការដាក់បញ្ចូលចំណុចនេះ នឹងធ្វើឱ្យវិធានការរឹតត្បិតរបស់ប្លុក កាន់តែមានប្រសិទ្ធភាព៕