(ឡុងដ៏)៖ បណ្តាក្រុមឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវទឹក បានលើកឡើងកាលពីថ្ងៃពុធសប្តាហ៍នេះថា វិធានការបន្ទាន់ត្រូវតែធ្វើឡើង នៅសមុទ្រក្រហម ដើម្បីបញ្ឈប់ការវាយប្រហាររបស់ក្រុមហ៊ូទី ទៅលើការដឹកជញ្ជូនទំនិញ បន្ទាប់ពីនាវាទីពីរបានលិចទៅក្នុងទឹក ដោយសារតែសកម្មភាពរបស់ក្រុមនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ ២០២៤។

ក្រុមសង្គ្រោះ បានបញ្ជាក់កាលពីថ្ងៃពុធថា នាវាផ្ទុកធ្យូងថ្ម Tutor គ្រប់គ្រងដោយក្រិក ដែលរងការវាយប្រហាររបស់ក្រុមហ៊ូទី ក្នុងសមុទ្រក្រហម កាលពីសប្តាហ៍មុននោះ បានលិចហើយ។ នាវានោះត្រូវបានវាយប្រហារដោយមីស៉ីល និងទូកផ្ទុកសារធាតុផ្ទុះបញ្ជាពីចម្ងាយ។

សមាគមដឹកជញ្ជូនកំពូលៗរបស់ពិភពលោក បានចេញសេចក្តីថ្លែងការណ៍រួមគ្នា យ៉ាងដូច្នេះថា «វាជារឿងដ៏គួរឱ្យសោកស្តាយ ដែលអ្នកបម្រើការតាមសមុទ្រស្លូតត្រង់ ត្រូវរងការវាយប្រហារ ខណៈគ្រាន់តែបំពេញការងាររបស់ពួកគេ ទាំងដែលជាកិច្ចការសំខាន់ៗ សម្រាប់ផ្គត់ផ្គង់ដល់ពិភពលោក ដូចជាស្បៀងអាហារ និងសំលៀកបំពាក់ជាដើម។ យើងសូមអំពាវនាវ ដល់បណ្តាប្រទេសមានឥទ្ធិពល ចូលរួមជួយការពារអ្នកធ្វើដំណើរតាមសមុទ្រ និងបន្ធូរបន្ថយស្ថានការណ៍ នៅសមុទ្រក្រហម ជាបន្ទាន់»។

គួរបញ្ជាក់ថា ចាប់តាំងពីខែវិច្ឆិកា ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ បានបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលទៅលើច្រកពាណិជ្ជកម្ម ដោយនិយាយថា ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា។ ក្នុងការវាយប្រហារច្រើនជាង ៧០លើក ក្រុមហ៊ូទី បានរឹបអូសនាវាមួយគ្រឿង និងនាវិក ហើយសម្លាប់កម្មករទូក ៣នាក់។ កងកម្លាំងជើងទឹកអន្តរជាតិ ត្រូវបានដាក់ពង្រាយដើម្បីផ្តល់ការការពារ សម្រាប់កប៉ាល់ដែលត្រូវការធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ប៉ុន្តែការវាយប្រហាររបស់ក្រុមនេះ កាន់តែខ្លាំងក្លាឡើង៕