(មូស្គូ)៖ ក្រសួងថាមពលអ៊ុយក្រែន បានឱ្យដឹងថា យន្តហោះដ្រូន និងមីស៉ីលរបស់រុស្ស៉ី បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ទូទាំងប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការវាយប្រហារដ៏ធំមួយមកលើប្រព័ន្ធថាមពលរបស់ជនស៉ីវិល។ នេះបើយោងការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ ២០២៤។

ការវាយប្រហារនៅនិទាឃរដូវនេះ បានបំផ្លាញសមត្ថភាពផលិតថាមពល ប្រហែលពាក់កណ្តាលរបស់អ៊ុយក្រែន និងបង្ខំឱ្យដាច់ចរន្តអគ្គិសនី។ បើតាមក្រសួងថាមពលអ៊ុយក្រែន ការវាយប្រហារបណ្តាលឱ្យរបួសកម្មករ ៣នាក់នៅរោងចក្រថាមពលមួយកន្លែង និងកាត់ផ្តាច់ចរន្តអគ្គិសនី សម្រាប់អ្នកប្រើប្រាស់មួយចំនួន។ ក្រុមហ៊ុនថាមពល DTEK បានឱ្យដឹងថា បណ្តាញផ្គត់ផ្គង់កំដៅមួយកន្លែងត្រូវរងការខូចខាតយ៉ាងដំណំ។ កងទ័ពអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៉ីល ៥គ្រាប់ក្នុងចំណោម ៩គ្រាប់ និងយន្តហោះដ្រូនទាំង ២៧គ្រឿង ដែលរុស្ស៉ីបាញ់ មកលើតំបន់ចំនួន ១០របស់អ៊ុយក្រែន។ យោធានិយាយថា រុស្ស៉ីកំណត់គោលដៅភាគច្រើន នៅភាគខាងកើតអ៊ុយក្រែន ពិសេសតំបន់ Dnipropetrovsk។

គួរបញ្ជាក់ថា រុស្ស៉ីនិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល គឺជាគោលដៅយោធាស្របច្បាប់ ហើយបដិសេធមិនកំណត់គោលដៅជនស៉ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៉ីវិល៕