(គូឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា ចិនគឺជា «មិត្តពិតប្រាកដ» ហើយមិនគួរភ័យខ្លាចទេ ខណៈដែលនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានបញ្ចប់ដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី ក្នុងឱកាសអបអរសាទរខួប ៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងសុន្ទរកថាមួយ ថ្លែងទៅកាន់ថ្នាក់ដឹកនាំធុរកិច្ច លោក Anwar បានបដិសេធប្រឆាំងនឹងការព្រួយបារម្ភអំពីអំណាចសេដ្ឋកិច្ច និងយោធារបស់ចិន ដោយបង្ហាញពីបំណងប្រាថ្នាចង់ធ្វើការជាមួយចិនសម្រាប់ផលប្រយោជន៍គ្នាទៅវិញទៅមក។ លោកក៏បានបញ្ជាក់ពីជំហរអព្យាក្រឹត្យរបស់ម៉ាឡេស៊ី និងឆន្ទៈក្នុងការធ្វើការជាមួយបណ្តាប្រទេសទាំងអស់ រួមទាំងចិនផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក Li ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីចិន ទៅកាន់ប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ ២០១៥ បានបង្ហាញពីទំនាក់ទំនងវិជ្ជមានរវាងចិន និងម៉ាឡេស៊ី។ ថ្នាក់ដឹកនាំទាំងពីរបានយល់ស្របថា វិវាទសមុទ្រចិនខាងត្បូង គួរតែត្រូវបានដោះស្រាយដោយឯករាជ្យ (មិនមានការជ្រៀតជ្រែកពីខាងក្រៅ) និងតាមរយៈកិច្ចសន្ទនា។

គួរជម្រាបថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ ២០០៩ ដោយពាណិជ្ជកម្មទ្វេភាគីឈានដល់ ៩៨.៨ពាន់លានដុល្លារកាលពីឆ្នាំមុន។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខា ដែលអាចនាំមកនូវការវិនិយោគចំនួន ២.៨ពាន់លានដុល្លារ។ ប្រទេសទាំងពីរក៏បានយល់ព្រមពង្រីកការធ្វើដំណើរ ដោយមិនចាំបាច់មានទិដ្ឋាការ។

ប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការស្នើសុំរួមគ្នា ដើម្បីបញ្ចូលរបាំតោ ដែលជារបាំប្រពៃណីដែលត្រូវបានសម្តែងក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន និងពិធីបុណ្យផ្សេងៗ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផងដែរ។ ប្រជាជនចំនួនមួយភាគបួននៃចំនួនប្រជាជនសរុប ៣៣លាននាក់នៅក្នុងប្រទេសម៉ាឡេស៊ី គឺជាជនជាតិចិន៕