(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា (ម៉ោងនៅវ៉ាស៊ីនតោន) បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគំរាមរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការផ្គត់ផ្គង់អាវុធទៅឱ្យកូរ៉េខាងជើង ដោយព្រមានថាការធ្វើរបៀបនេះអាចនឹងបង្កអស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ពូទីន អំឡុងបំពេញទស្សនកិច្ចដ៏កម្រមួយទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ ទី១៩ ខែមិថុនា បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានសន្យាផ្ដល់ការគាំទ្រពេញទំហឹងដល់សង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន។​ កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ថ្លែងនៅក្នុងសុន្ទរកថា ចេញពីប្រទេសវៀតណាម លោក ពូទីន បានបញ្ជាក់ឡើងវិញថាទីក្រុងមូស្គូនឹងមិនច្រានចោលឡើយចំពោះការបញ្ជូនអាវុធទៅឱ្យទីក្រុងព្យុងយ៉ាង ហើយថាការសម្រេចណាមួយ គឺដោយសារតែលោកខាងលិចកំពុងផ្គត់ផ្គត់អាវុធឱ្យអ៊ុយក្រែន។

ជុំវិញការអត្ថាធិប្បាយរបស់លោក ពូទីននេះដែរ ក្រសួងការបរទេសអាមេរិក តាមរយៈអ្នកនាំពាក្យ លោក Matthew Miller បាននិយាយថាការគំរាមរបស់ប្រមុខវិមានក្រឹមឡាំង ពិតជាគួរឱ្យព្រួយបារម្ភក្រៃលែង ដោយវាអាចនឹងបង្កអស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េ អាស្រ័យទៅលើប្រភេទអាវុធ ហើយអាចនឹងបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សា សន្តិសុខ UN ដែលរុស្ស៉ីខ្លួនឯងធ្លាប់បានគាំទ្រទៀតផង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានចោទប្រកាន់ថាកូរ៉េខាងជើង កំពុងផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី យកទៅប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ មូស្គូ និងព្យុងយ៉ាងបានច្រានចោលការចោទប្រកាន់បែបនេះ ហើយជាថ្មីម្ដងទៀត លោក ពូទីនផ្ទាល់កាលពីថ្ងៃព្រហស្បតិ៍ ក៏បានព្រមានកូរ៉េខាងត្បូងដែរ កុំឱ្យបញ្ជូនអាវុធទៅឱ្យ អ៊ុយក្រែន បន្ទាប់ពីសេអ៊ូលបាននិយាយថាខ្លួនកំពុងពិចារណាឡើងវិញលើបម្រាមផ្ដល់អាវុធឱ្យទីក្រុងកៀវ ក្នុងពេលបច្ចុប្បន្ន៕